(ប៉េកាំង)៖ កាលពីថ្ងៃទី ២៦ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសពីគំនិតផ្តួចផ្តើមស្តីពី «ទំនាក់ទំនងភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធសកល» (PGII) នៅក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបើកធ្វើនៅប្រទេសអាល្លឺម៉ង់ ដោយបានអះអាងថា នឹងរួមសហការជាមួយប្រទេស ដើម្បីប្រមូលប្រាក់ទុនចំនួន ៦០០ពាន់លានដុល្លារអាមេរិក សម្រាប់ការវិនិយោគក្នុងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ នៅមុនឆ្នាំ២០២៧ ក្នុងនោះ សហរដ្ឋអាមេរិកនឹងប្រមូលបានប្រាក់ទុនចំនួន ២០០ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា រឿងនេះស្តាប់ទៅដូចជា «ស្នាដៃយ៉ាងធំសម្បើម» ប៉ុន្តែឱ្យតែធ្វើការវិភាគយ៉ាងល្អិតល្អន់នោះ ក៏អាចមើលឃើញថា នេះជាផែនការនយោបាយដែលបង្កប់នូវគំនិតដ៏អាក្រក់ ដើម្បីប្រឆាំងប្រទេសចិន។

ក្រឡេកទៅមើលគោលបំណងខាងនយោបាយ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញជាទូទៅថា អ្វីដែលហៅថា គំនិតផ្តួចផ្តើមស្តីពី «ទំនាក់ទំនងភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធសកល» (PGII) គឺដើម្បីធ្វើការតតាំងជាមួយគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើងដោយប្រទេសចិន។ កិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបានបើកធ្វើកាលពីមួយឆ្នាំមុន ធ្លាប់លើកឡើងនូវអ្វីដែលហៅថា «ទំនាក់ទំនងភាពជាដៃគូស្តីពីការស្តារពិភពកាន់តែល្អបវរជាថ្មីឡើងវិញ» ដែលគ្រោងនឹងទម្លាក់ថវិកាជាង ៤០ទី្រលានដុល្លារអាមេរិក ដើម្បីបំពេញតាមតម្រូវការខាងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែ គិតរហូតដល់បច្ចុប្បន្ននេះ ទំហំប្រាក់ទុនសរុបដែលប្រើប្រាស់ទៅក្នុងគម្រោងពាក់ព័ន្ធមានតែ ៦ លានដុល្លារប៉ុណ្ណោះ។

ហើយសូមងាកមកមើលសមត្ថភាពផ្នែកប្រភពធនធានវិញ។ តើប្រាក់ទុនរបស់ PGII មកពីណា? សហរដ្ឋអាមេរិកបានអះអាងថា នឹងបំផុសការបរិច្ចាគប្រាក់ មូលនិធិសហព័ន្ធនិងការវិនិយោគរបស់ឯកជនដែលមានចំនួន ២០០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ឆ្នាំខាងមុខ លើសពីនេះទៅទៀត ប្រាក់ទុនបន្ថែមទៀតចំនួនរាប់រយពាន់លានដុល្លារអាមេរិ កប្រហែលនឹងមកពីធនាគារអភិវឌ្ឍន៍ពហុភាគី និងគ្រឹះស្ថានអភិវឌ្ឍហិរញ្ញវត្ថុជាដើម។ ទីភ្នាក់ងារសារព័ត៌មានបារាំង សម្គាល់ឃើញថា ប្រាក់ទុនសម្រាប់ផែនការនេះភាគច្រើនបានមកពីការវិនិយោគរបស់ឯកជន ដូច្នេះហើយ វាមិនអាចទទួលបានការធានានោះទេ។ ប្រការទាំងនេះអាចឃើញថា អ្វីដែលហៅថា គំនិតផ្តួចផ្តើមស្តីពី «ទំនាក់ទំនងភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធសកល» (PGII) ប្រហែលជាឧបាយកល «ចាប់ចចកសដោយដៃទទេ» ម្តងទៀតរបស់អាមេរិក។

អាមេរិកគួរតែដឹងច្បាស់ថា ហេតុអ្វីបានជាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់ប្រទេសជាង១០០ នៅពីក្រោយគឺគោលបំណងដ៏ល្អប្រសើររបស់ចិន ក្នុងការរីករាយចែករំលែកនូវឱកាសអភិវឌ្ឍន៍ ជាមួយពិភពលោកព្រមនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ហើយក៏ជាការខិតខំប្រឹងប្រែងរបស់ចិន ក្នុងការបណ្តាក់ទុនពិតប្រាកដនៅក្នុង គម្រោងសហប្រតិបត្តិការសំខាន់ៗផងដែរ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា ទន្ទឹមនឹងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានឈានចូលឆ្នាំទី៩ វាបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ»។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានឱ្យដឹងថា ប្រសិនបើគម្រោងហេដ្ឋារចនាសម្ព័ន្ធខាងគមនាគមន៍ក្រោមក្របខ័ណ្ឌ «ខ្សែក្រវាត់និងផ្លូវ» ត្រូវបានអនុវត្តទាំងស្រុង នោះ ដល់ឆ្នាំ ២០៣០ វាមានការរំពឹងអាចនឹងបង្កើតឡើងនូវផលទុនចំនួន ១,៦ ទ្រីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដល់ពិភពលោកទាំងមូល ក្នុងនោះ ៩០ ភាគរយនឹងត្រូវបានចែករំលែកដោយប្រទេសជាដៃគូ ចំណែកឯប្រទេសដែលមានចំណូលទាបនិងមធ្យម ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនឡើងៗ។ តាមការប៉ាន់ប្រមាណ ក្នុងចន្លោះពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០៣០ គម្រោងនេះនឹងជួយប្រជាជនចំនួន ៧៦ សែននាក់ឱ្យបម្រះខ្លួនចេញផុតពី ភាពក្រីក្រហួសហេតុនិងប្រជាជនចំនួន ៣២ លាននាក់ឱ្យបម្រះខ្លួនចេញផុតពី ភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក។

គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកនយោបាយអាមេរិករីករាយផ្តល់ជំនួយជាប្រាក់ វាច្បាស់ណាស់ថា គឺជារឿងល្អមួយ។ យ៉ាងណាមិញ បើសិនជាផែនការស្តីពីកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលពួកគេលើកឡើងនោះ គ្រាន់តែចង់បង្កើតជាបក្ខពួក និងលេងល្បែងនយោបាយ ដើម្បីធ្វើការប្រកួតប្រជែងផលបូកសូន្យ នោះ មិនថា ពួកគេបង្កើតពាក្យថ្មីៗសម្រាប់វេចខ្ចប់ខ្លួន ដល់ច្រើនប៉ុនណាទៀតក៏ដោយ ក៏វាសុទ្ធតែមិនអាចបោកបញ្ឆោតអ្នកដទៃបានទេ ហើយមុខជានឹងទទួលបរាជ័យ តាំងពីដើមមកជាក់ជាមិនខាន៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន