(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmitry Kuleba) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអ៊ុយក្រែនមិនបានពិចារណាឡើងវិញឡើយ ចំពោះផែនការចូលជាសមាជិករបស់អង្គការណាតូ (NATO)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបារាំង លោក គូឡេបា បានបង្ហាញការមិនយល់ស្រប ចំពោះការលើកឡើងដែលថា ទីក្រុងកៀវបោះបង់ចោលគម្រោងចូលអង្គការ NATO។ លោកប្រមុខការទូតអ៊ុយក្រែន បានកត់សម្គាល់យ៉ាងដូច្នេះថា «សំណួរនៃការចូលជាសមាជិករបស់អង្គការ NATO ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញរួចហើយ។ បន្ថែមពីលើនេះ, រចនាសម្ព័ន្ធរបស់បក្សសម្ព័ន្ធយោធាមួយនេះ គឺជាយន្តការសន្តិសុខដ៏មានប្រសិទ្ធភាពបំផុតនៅអឺរ៉ុប»។ ប៉ុន្តែជាចុងក្រោយ លោក គូឡេបា បានបន្ថែមថា ការចង់បានរបស់អ៊ុយក្រែនតែម្ខាងគឺមិនគ្រប់គ្រាន់ឡើយ ហើយវាអាចធ្វើទៅរួច លុះត្រាតែសម្ព័ន្ធមិត្តចង់ឲ្យអ៊ុយក្រែនចូលរួមដែរ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប នាពេលថ្មីនេះទើបតែប្រកាសជាផ្លូវការ ដើម្បីទទួលយកអ៊ុយក្រែនជា «បេក្ខភាព» សមាជិករបស់ខ្លួន រីឯ NATO ឯណេះវិញនៅមិនទាន់មានដំណើរការណាមួយ ដើម្បីឈានទៅមុខទេ ជុំវិញសមាជិកភាពរបស់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕