លោក បៃដិន ប្រកាសពង្រឹងជំហរយោធាអាមេរិកនៅអឺរ៉ុប ឆ្លើយតបការគំរាមកំហែងរបស់រុស្ស៉ី ក្រោយការឈ្លានពានលើអ៊ុយក្រែន
29-06-2022 16:07
(ម៉ាឌ្រីដ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរជំហរកងកម្លាំងរបស់ខ្លួន នៅអឺរ៉ុប ដោយផ្អែកទៅលើការគំរាមកំហែងរបស់រុស្ស៉ី ក្រោយការឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសដូចខាងលើ កំលុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO ដែលកំពុងរៀបចំឡើងនៅ ទីក្រុងម៉ាឌ្រីដនៃប្រទេសអេស៉្បាញ។ លោក បៃដិន បានថ្លែងទៀតថា ចំពោះមុខស្ថានការណ៍បច្ចុប្បន្ន បក្សសម្ព័ន្ធយោធាមួយនេះ គឺចាំបាច់ជាងពេលណាៗទាំងអស់។
គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន កងកម្លាំងអាមេរិកនៅ NATO នឹងត្រូវពង្រឹងទាំងខាងជើងគោក ជើងទឹក និងជើងអាកាស តាមរយៈការបង្កើនចំនួន វត្តមាននាវាចម្បាំងអាមេរិកនៅអេស៉្បាញពី៤គ្រឿង ទៅដល់៦គ្រឿង, បញ្ជូនក្រុមយន្តហោះចម្បាំង F-35 ២កងបន្ថែមទៅកាន់ចក្រភពអង់គ្លេស និងបង្កើតទីស្នាក់ការទ័ពជើងគោកទី៥ នៅប៉ូឡូញ ជាដើម៕