(ប៉េកាំង)៖ យានប្រភេទជាផ្កាយរណប១គ្រឿងរបស់ប្រទេសចិន ទីបំផុតប្រមូលបាននូវទិន្ន័យរូបភាព ដែលគ្របដណ្តប់ផ្ទៃភពអង្គារ (Mars) ទាំងស្រុងតែម្តង បន្ទាប់ពីវាចំណាយពេលហោះគោចរ ក្រឡឹងភពក្រហមនេះច្រើនជាង ១,៣០០ជុំ ចាប់តាំងតែពីចុងឆ្នាំមុន មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។
បេសកកម្មចិន ធានវិនទី១ (Tianwen-1) បានធ្វើដំណើរទៅដល់ភពអង្គារ ដោយជោគជ័យកាលពីខែកុម្ភៈ ឆ្នាំ២០២១ ខណៈវាជា បេសកកម្មដំបូងបំផុតរបស់ប្រទេសចិន នៅទីនោះ។ រួមដំណើរទៅជាមួយគ្នា ក៏មានយានរ៉ូបូត១គ្រឿងផងដែរ ដែលត្រូវបានបញ្ជូន ឱ្យចុះទៅចល័តលើផ្ទៃរបស់អង្គការផ្ទាល់ ខណៈយានជាផ្កាយរណប បាននិងកំពុងបន្តប្រមូលទិន្នន័យពីចម្ងាយ ក្នុងទីអវកាស។
គួរបញ្ជាក់ថា ក្នុងចំណោមរូបភាពដែលថតពីទីអវកាស គឺរួមមានទាំងរូបថតដំបូងបំផុតរបស់ចិន ដែលបង្ហាញពីតំបន់ប៉ូលខាងត្បូង របស់ភពអង្គារផងដែរ ខណៈវាគឺជាទីដែលធនធានទឹកស្ទើរតែទាំងអស់របស់ភពនេះ ស្ថិតនៅជាប់ក្រោមផ្ទាំងទឹកកក។ បេសកកម្ម Tianwen-1 ត្រូវបានបញ្ជូនចេញពីផែនដី កាលពីខែកក្កដា ឆ្នាំ២០២០៕