Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ NATO រំពឹងថា ស៊ុយអែត និងហ្វាំងឡង់ នឹងក្លាយជាសមាជិកយ៉ាងឆាប់រហ័ស ក្រោយតួកគីលុបចោល «វេតូ»

29-06-2022 15:02

(ម៉ាឌ្រីដ)៖ អគ្គលេខាធិការអង្គការ NATO លោក ជេន ស្តូលធិនបឺគ (Jens Stoltenberg) នៅថ្ងៃពុធនេះបាននិយាយថា លោករំពឹងថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងទទួលបានសច្ចាប័នយ៉ាងឆាប់រហ័សលើពាក្យសុំចូលជាសមាជិកអង្គការ NATO របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

លោក Stoltenberg បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលនៃអង្គការ NATO ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស៉្បាញថា «យើងនឹងធ្វើការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំកំពូល ដើម្បីអញ្ជើញប្រទេសស៊ុយអែតនិងហ្វាំងឡង់ ឱ្យចូលជាសមាជិករបស់យើង»។ ប្រទេសទាំង២ បានដាក់ពាក្យសុំចូល NATO កាលពីពីពាក់កណ្តាលខែឧសភា។

ប្រមុខ NATO រូបនេះ បានបន្ថែមថា «បន្ទាប់ពីការអញ្ជើញ យើងត្រូវការដំណើរការផ្តល់សច្ចាប័ននៅក្នុងសភាចំនួន ៣០។ រឿងនោះ តែងតែត្រូវការពេលវេលាខ្លះ ប៉ុន្តែខ្ញុំក៏រំពឹងថា វានឹងដំណើរការទៅមុខយ៉ាងឆាប់រហ័ស ពីព្រោះសម្ព័ន្ធមិត្តទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីព្យាយាមធ្វើឱ្យដំណើរការផ្តល់សច្ចាប័ននេះ កើតឡើងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត បានសម្រេចនាំគ្នាដាក់ពាក្យសុំចូលជាសមាជិកអង្គការ NATO បន្ទាប់ពីសង្រ្គាមបានផ្ទុះឡើងរវាង អ៊ុយក្រែននិងរុស្ស៉ី។ ការលើកឡើងខាងលើរបស់លោក Stoltenberg កើតមាន បន្ទាប់ពី ប្រទេសតួកគី ដែលជាសមាជិកមួយរបស់ NATO បានសម្រេចចិត្តលុបចោលការវេតូរបស់ខ្លួន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលវាជាការបើកផ្លូវឱ្យហ្វាំងឡង់ និងស៊ុយអែត ឆ្ពោះទៅរកសមាជិកភាពនៃបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីប្រទេសទាំង៣ យល់ព្រមការពារសន្តិសុខគ្នាទៅវិញទៅមក៕