(ម៉ិកស៉ីកូស៉ីធី)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស៍ អូប្រាដឺ (Andres Manuel Lopez Obrador) បានស្តីបន្ទោស រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះ «ភាពខ្វះខាតលើការងារគ្រប់គ្រង» ច្រកព្រំដែនរបស់ខ្លួន បន្ទាប់ពីមានជនអន្តោប្រវេសន៍ចំនួន៥១នាក់បានស្លាប់ នៅពេលដែលពួកគេព្យាយាមលួចឆ្លងដែនចូលទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២២។
នៅថ្ងៃអង្គារសប្តាហ៍នេះ គឺមួយថ្ងៃបន្ទាប់ពីជនចំណាកស្រុករាប់សិបនាក់ ត្រូវបានអាជ្ញាធររកឃើញថាស្លាប់ ក្នុងរថយន្តដឹកទំនិញធុនធំមួយគ្រឿង នៅក្បែរទីក្រុងសាន់ អាន់តូនីញ៉ូ (San Antonio) នៃរដ្ឋតិចសាស់ (Texas) លោក អូប្រាដឺ បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «ករណីស្លាប់នេះគឺជាសោកនាដកម្មដ៏ធំធេង ហើយឧប្បត្តិហេតុបែបនេះ កើតឡើងដោយសារតែភាពក្រីក្រ ភាពអស់សង្ឃឹម ក៏ដូចជាបរិយាកាសវឹកវរនៅឯតំបន់ព្រំដែន។ វាកើតឡើងដោយសារតែ មានការជួញដូរមនុស្ស និងភាពខ្វះខាតលើការគ្រប់គ្រងនៅតាមព្រំដែន ម៉ិកស៉ិក-អាមេរិក ប៉ុន្តែករណីដែលទើបតែកើតឡើងថ្មីនេះ គឺស្ថិតនៅក្នុងដែនដីរបស់អាមេរិក»។
គួរបញ្ជាក់ថា បើតាមមន្រ្តីផ្នែកច្បាប់អាមេរិក, ឧប្បតិ្តហេតុខាងលើនេះ អាចជាករណីរត់ពន្ធមនុស្ស ចូលក្នុងទឹកដីរបស់សហរដ្ឋអាមេរិក ខណៈដែលមនុស្សនៅលើរថយន្តនោះមានទាំងស្រ្តី និងកុមារផងដែរ។ មេដឹកនាំរបស់ម៉ិកស៉ិក ក៏កំពុងស្វែងរកជំនួបពិភាក្សាជាមួយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាព្រំដែន នៅថ្ងៃទី១២ ខែកក្កដាខាងមុខ៕