(អូតាវ៉ា)៖ អាជ្ញាធរកាណាដាបានឱ្យដឹងថា ហេតុការណ៍បាញ់ប្រយុទ្ធគ្នាមួយបានកើតឡើង នៅឯធនាគារមួយកន្លែង ក្នុងខេត្ត ប៊្រីធីស កូឡុំបៀ (British Columbia) ភាកខាងកើតប្រទេសកាណាដា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបុរសចំនួន២នាក់ ដែលសង្ស័យជា ចោរប្លន់ធនាគារ បានបាត់បង់ជីវិត ហើយមន្រ្តីប៉ូលិស៦នាក់ បានរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។
ក្រុមប៉ូលិសកាណាដា បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ដែលស្ថិតនៅធនាគារម៉ុនរីអាល់ (Bank of Montreal) ក្នុងទីក្រុង សាអានិច (Saanich) លើកោះវែនឃូវើ (Vancouver) នៃខេត្ត ប៊្រីធីស កូឡុំបៀ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានបុរស២នាក់ ប្រដាប់ដោយអាវុធជាច្រើនដើម ព្រមទាំងពាក់អាវក្រោះការពារ បានដើរចូលទៅក្នុងធនាគារ ដែលអាចជាសកម្មភាពប្លន់។
ការផ្ទុះអាវុធរវាងក្រុមជនសង្ស័យនិងប៉ូលិស បានចាប់ផ្តើមនៅពេលពួកគេទាំង២នាក់ ដើរចេញពីធនាគារវិញ។ ក្រោយការបាញ់ប្រយុទ្ធគ្នា ខ្មាន់កាំភ្លើងទាំង២នាក់នោះ បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុផ្ទាល់ ខណៈមន្រ្តីប៉ូលិស៦នាក់ ក៏បានរងរបួសផងដែរ ប៉ុន្តែហាក់ពុំគំរាមកំហែងដល់អាយុជីវិតទេ។
គួរបញ្ជាក់ថា ជាសំណាងល្អ ហេតុការណ៍នោះ មិនបានបង្កឱ្យមានជនស៉ីវិលណាម្នាក់ រងគ្រោះថ្នាក់ឡើយ៕