(ប៉េកាំង)៖ ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម ស្តីពីការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលលើកឡើងដោយប្រទេស G7 លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ កាលពីថ្ងៃទី២៧ ខែមិថុនាថា ជានិច្ចកាល ប្រទេសចិនតែងតែស្វាគមន៍រាល់គំនិតផ្តួចផ្តើម ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធជាសកល ហើយគ្មានបញ្ហាដែលថាគំនិតផ្តួចផ្តើម ពាក់ព័ន្ធគ្រប់ប្រភេទនឹងជំនួសគ្នាទៅវិញទៅមកនោះទេ។ ប្រទេសចិនប្រឆាំងនឹងពាក្យសម្តី និងទង្វើដែលលាបពណ៌និងមួលបង្កាច់លើគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដោយយកការកសាងហេដ្ឋារចនាសម្ព័ន្ធធ្វើជាលេស ឬដើម្បីជំរុញកលល្បិចផ្នែកភូមិសាស្ត្រនយោបាយ។
លោក Zhao Lijian បានលើកឡើងថា ចាប់តាំងពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានលើកឡើងកាលពី ៩ឆ្នាំមុនមក គឺប្រកាន់ខ្ជាប់នូវគោលការណ៍ ស្តីពីការពិគ្រោះពិភាក្សាជាមួយគ្នា ការរួមគ្នាកសាង និងការចែករំលែកគ្នា ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសពាក់ព័ន្ធ។ យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក ប្រសិនបើគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទាំងអស់ក្រោមក្របខណ្ឌ «ខ្សែក្រវាត់និងផ្លូវ» ត្រូវបានអនុវត្ត នោះបើតាមការរំពឹងទុក នៅឆ្នាំ២០៣០ នឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១,៦ ទ្រីលានដុល្លារអាមេរិកសម្រាប់ពិភពលោក ដែលស្មើនឹង ១.៣% នៃ GDP ពិភពលោក។ ក្នុងនោះ ចំនួន ៩០% ត្រូវបានផ្តល់ដល់កប្រទេសជាដៃគូ ប្រទេសដែលមានចំណូលទាបនិងប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបនឹង ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន៕
វិទ្យុមិត្តភាពកម្ពុជាចិន