(ឡុងដ៍)៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ដែលត្រូវបានលោកខាងលិចចាត់ទុកថាជា «ការឈ្លានពាន» តែងតែត្រូវបានគេប្រដូចជាញឹកញាប់ថាវាជាសង្រ្គាមរវាង «ប្រជាធិបតេយ្យ» និង «របបផ្ដាច់ការ» ដោយអ៊ុយក្រែនកំពុងប្រយុទ្ធតស៊ូដើម្បីសេរីភាព និងប្រជាធិបតេយ្យ។ ពាក្យថា «សេរីភាព និងប្រជាធិបតេយ្យ» នេះត្រូវបានគេស្ដាប់ ឮច្រើនជាងគេចេញពីមាត់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រអង់គ្លេស លោក បូរីស ចនសុន។ តួយ៉ាង លោក ចនសុន បានលើកឡើងថាសង្រ្គាមនៅ អ៊ុយក្រែន គឺជាសង្រ្គាមដើម្បីប្រជាធិបតេយ្យរបស់អ៊ុយក្រែន ប្រឆាំងនឹងលោក ពូទីន ដែលលោកផ្ទាល់ចាត់ទុកថាជាជនផ្ដាច់ការ, វាជាសង្រ្គាមដើម្បីសេរីភាពប្រឆាំងនឹង ការគាបសង្កត់ ហើយមិនតែប៉ុណ្ណោះ គេក៏ស្ដាប់ឮដែរនូវទ្រឹស្ដីដ៏មានន័យមួយនៅក្នុងតំបន់អឺរ៉ុប នោះគឺអ៊ុយក្រែនមិនមែនត្រឹមតែប្រយុទ្ធដើម្បីតែសេរីភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងប្រយុទ្ធដើម្បីអឺរ៉ុបទាំងមូលផងដែរ។
ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រនយោបាយមួយចំនួន ដូចជាលោក មីឈីតូ ហ្សូរូអុកា (Michito Tsuruoka) យល់ថាមេដឹកនាំនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបហាក់ដូចជាកំពុងប្រើ ទ្រឹស្ដីសង្រ្គាមរវាង «ប្រជាធិបតេយ្យ» និង «របបផ្ដាច់ការ» ជាមធ្យោបាយមួយក្នុងការលើកកម្ពស់គុណតម្លៃនៅក្នុងការជួយអ៊ុយក្រែន និងបង្កើតការគាំទ្រខាងនយោបាយ និងសីលធម៌ពីប្រជាជនរបស់ពួកគេ។ បើតាមវិទ្យាសាស្ត្រនយោបាយជប៉ុនរូបនេះ ការយល់ឃើញថាសង្រ្គាមនៅអ៊ុយក្រែនជាសង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ វាគឺជាការភ័ន្តច្រឡំក្រោមហេតុផល ២យ៉ាង។
ម្យ៉ាង, ទ្រឹស្ដីសង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ វាបានបិទបាំងហេតុផលជាមូលដ្ឋានដ៏សំខាន់មួយនោះគឺ «សង្រ្គាមឈ្លានពានគេឯង» វាជារឿងមិនអាចទទួលយក បាន។ មិនអាចទទួលយកបាន មិនមែនដោយសារតែអ៊ុយក្រែនជាប្រទេសប្រជាធិបតេយ្យ ហើយរុស្ស៉ីជាប្រទេសផ្ដាច់ការនោះទេ។ ផ្ទុយមកវិញ ទោះបីជារុស្ស៉ីជាប្រទេស ប្រជាធិបតេយ្យដ៏ល្អអស្ចារ្យ ហើយអ៊ុយក្រែនជាប្រទេសផ្ដាច់ការវិញក៏ដោយ ក៏សង្រ្គាមសព្វថ្ងៃនៅតែមិនអាចទទួលយកបានដដែល។ សង្រ្គាមនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើ ច្បាប់អន្តរជាតិ ក្នុងនោះរួមមានទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយម្យ៉ាងវិញទៀត សង្រ្គាមនេះទៀតសោតគឺជាសង្រ្គាមដែលបង្កឡើងប្រទេសជាមហាអំណាចយោធា ដ៏ធំមួយ ចូលឈ្លានពានអ្នកជិតខាងរបស់ខ្លួនដែលជាប្រទេសទន់ខ្សោយ។ ដូច្នេះហើយរឿងដែលសំខាន់ជាមូលដ្ឋាន គេគួរតែចោទសួរថាតើសហគមន៍អន្តរជាតិ គួរតែ ឆ្លើយតបចំពោះទង្វើឈ្លានពានបែបនេះ ឬការព្យាយាមកែប្រែស្ថានភាពដើម និងសណ្ដាប់ធ្នាប់ដោយកម្លាំងបាយតាមវិធីណា ដោយមិនគិតថាភាគីនៃជម្លោះជាប្រទេស ប្រជាធិបតេយ្យ ឬក៏ផ្ដាច់ការនោះឡើយ។
ជាឧទាហរណ៍, ជប៉ុនខណៈដែលកំពុងចូលរួមយ៉ាងពេញទំហឹងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ព្រមទាំងចែករំលែកគុណតម្លៃ ប្រជាធិបតេយ្យជាមួយលោកខាងលិចក៏ដោយ តែទីក្រុងតូក្យូ នៅតែមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទ្រឹស្ដី «សង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ»។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា បានកត់សម្គាល់ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី សាងគ្រីឡា (Shangri-La) រៀបចំឡើងក្នុងប្រទេសសិង្ហបុរី កាលពីដើម ខែមិថុនានេះថា «ខ្ញុំខ្លួនឯងមានអារម្មណ៍ថា អ្វីដែលកើតឡើងនៅអ៊ុយក្រែននៅថ្ងៃនេះ អាចនឹងកើតឡើងក្នុងតំបន់អាស៊ីបូព៌ានៅថ្ងៃស្អែក»។ លោក គីស៊ីដាបានបន្ថែមដោយ ចោទសួរថាតើ «យើងអាចនឹងត្រឡប់ទៅកាន់ពិភពលោកមួយដែលគ្មានច្បាប់ទម្លាប់, ជាទីដែលច្បាប់មិនត្រូវបានគេអើពើ និងបំពាន, ជាទីដែលស្ថានភាពដើមត្រូវបានកែប្រែ ដោយកម្លាំងបាយ ឬក៏ជាទីដែលប្រទេសខ្លាំងគំរាមប្រទេសទន់ខ្សោយដែរឬក៏យ៉ាងណា»?
នៅក្នុងការលើកឡើងរបស់លោក គីស៊ីដា មិនមានប្រើពាក្យប្រជាធិបតេយ្យ ឬក៏សេរីភាពនោះទេ។ ពិតណាស់ អ៊ុយក្រែនកំពុងប្រយុទ្ធដើម្បីសេរីភាព និងបូរណភាពទឹកដី របស់ខ្លួន ហើយមិនមានអ្វីអាចយកមកបញ្ជាក់ពី «ភាពត្រឹមត្រូវ» នៃការសម្រេចចិត្តរបស់រុស្ស៉ី ក្នុងការឈ្លានពានអ៊ុយក្រែនរុស្ស៉ីនោះដែរ។ ព្រោះនិយាយឱ្យងាយស្ដាប់ដូច លើកឡើងខាងលើ ការឈ្លានគេឯងគឺជារឿងមិនអាចទទួលយកបាន បើទោះជាអ្នកឈ្លានពានគេនោះជាប្រទេសប្រជាធិបតេយ្យ ឬផ្ដាច់ការក៏ដោយ។ ក្នុងន័យនេះប្រសិនបើ ប្រទេសកុម្មុយនិស្ដដូចជាវៀតណាម ត្រូវបានឈ្លានពានដោយអ្នកជិតខាងរបស់ខ្លួននៅថ្ងៃណាមួយ ថាតើវៀតណាមមិនគួរទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ដោយសារតែមិនមែនជាប្រទេសប្រជាធិបតេយ្យ ឬ?
ចំណែកឯ ម្យ៉ាងទៀត ទ្រឹស្ដីសង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ វាមិនអាចជួយកែខៃស្ថានការណ៍អ្វីទេ ហើយថែមទាំងប្រឆាំងផលិតភាពទៀតផង ដោយវាអាចនឹង រុញច្រានប្រទេសមិនមែនប្រជាធិបតេយ្យចេញឆ្ងាយពីកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី។ ជាក់ស្ដែង នៅក្នុងការបោះឆ្នោតនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២២ មានប្រទេសចំនួន ១៤១ បានបោះឆ្នោតគាំទ្រលើការអនុម័តដំណោះស្រាយថ្កោលទោសរុស្ស៉ី ខណៈការបោះឆ្នោតព្យួរ សមាជិកភាពរបស់រុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN មានតែ ៩៣ប្រទេសប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រ។ គម្លាតបែបនេះបានបង្ហាញពីធម្មជាតិពិតនៃសហគមន៍ អន្តរជាតិ នោះគឺក្នុងការបោះឆ្នោតអនុម័តដំណោះស្រាយថ្កោលទោសរុស្ស៉ី គឺនិយាយតែពីការថ្កោលទោស តែមិនមានចំណាត់ការរឹងមាំណាមួយឡើយ រីឯប្រទេសមិនមែន ប្រជាធិបតេយ្យមួយចំនួនមិនចង់ឃើញដំណោះស្រាយ ប្រឆាំងនឹងរុស្ស៉ី ត្រូវបានអនុម័តសាជាថ្មីប្រឆាំងនឹងពួកគេនៅពេលអនាគតទេ ពីព្រោះពួកគេក៏មិនមែនជាប្រទេស ប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ខណៈសង្រ្គាមនៅអ៊ុយក្រែន ប្រហែលជានឹងមិនបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខ បណ្ដាប្រទេសដែលគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ីគួរតែណាស់តែបង្កើត យុទ្ធសាស្ត្រចម្រុះមួយប្រកបដោយនិរន្តរភាព ដែលអាចបញ្ចុះបញ្ចូលឱ្យប្រទេសដទៃជិះនៅលើទូកតែមួយ។ ដើម្បីអាចធ្វើបែបនេះបាន គេមិនគួរគិតគូរហួសហេតុពេកពី គុណតម្លៃណាមួយទេ បើទោះជាការដើរផ្លូវមួយនេះនៅតែជួបបញ្ហាប្រឈមជាច្រើន ក្នុងការបញ្ចុះបញ្ចូលឱ្យប្រទេសដទៃចូលរួមដាក់ទណ្ឌកម្មលើរុស្ស៉ីក៏ដោយ តែយ៉ាងហោចណាស់ វាអាចទប់ស្កាត់កុំឱ្យប្រទេសមួយចំនួនចេញមុខគាំទ្រ ឬឈរនៅខាងចិន និងរុស្ស៉ី ដោយបើកចំហ៕