(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧៦៩ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋធានីហាណូយ ដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៥៨ករណី។ ចំណែក ខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន៦២ករណី និងខេត្ត Nghệ An ចំនួន៥៤ករណី។
ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ វៀតណាមបានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ០៣នាក់ទៀតផងដែរ។
គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៤៤,០៨៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៦៥៦,៤៦៧នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៤នាក់៕