Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកប្រកាសថា អាមេរិកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស ឱ្យទៅអ៊ុយក្រែន (Video inside)

28-06-2022 17:00

(បែរឡាំង)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងគ្រោងបញ្ជូន ប្រព័ន្ធមីស៉ីលការពារដែនអាកាសទំនើបៗ ទៅកាន់អ៊ុយក្រែន ដើម្បីជួយការពារប្រឆាំងនឹង ការវាយប្រហាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯប្រទេសអាល្លឺម៉ង់ ជាទីដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងចូលរួមកិច្ចប្រជុំ G7 លោក Sullivan បានប្រាប់ដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថា ពួកយើងពិតជាកំពុងស្ថិតក្នុង ដំណើរការរៀបចំកញ្ចប់សព្វាវុធ ដែលរួមមាននូវប្រព័ន្ធការពារដែនអាកាសទំនើបៗ»។

បើតាមលោក Sullivan លោក បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានបង្ហាញវត្តមានក្នុងកិច្ចប្រជុំ G7 តាមរយៈប្រព័ន្ធវីដេអូអនឡាញថា សហរដ្ឋអាមេរិកកំពុងត្រៀមបញ្ជូន ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យម និងវែង។

គួរបញ្ជាក់ថា បើតាមប្រភពរបស់អាមេរិក រដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន ទំនងជានឹងប្រកាសនៅក្នុងសប្តាហ៍នេះ អំពីការទិញ ប្រព័ន្ធមីស៉ីលការពារដែនអាកាសប្រភេទ ណាស៊ែម (NASAMS) និងសព្វាវុធផ្សេងៗទៀត ដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធតទល់នឹង ការឈ្លានពានរបស់រុស្ស៉ី៕