(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ប្រធានសភាវេណេស៊ុយអេឡា បានជួបជាមួយគណៈប្រតិភូអាមេរិក ដើម្បីបន្តកិច្ចពិភាក្សាដែលបានចាប់ផ្តើម កាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។
លោក Maduro មិនបានផ្តល់ព័ត៌មានលម្អិតណាមួយ ក្រុមមន្រ្តីទីក្រុងវ៉ាស៉ីនតោន ដែលបានទៅដល់ទីក្រុងការ៉ាកាស់ (Caracas) ឬមួយក៏បញ្ហាដែលពួកគេបានពិភាក្សាជាមួយ ប្រធានសភាវេណេស៊ុយអេឡា លោក ហ័គ រ៉ូឌ្រីហ្កេស (Jorge Rodriguez) នោះទេ។
កាលពីខែមីនាកន្លងទៅ គណៈប្រតិភូជាន់ខ្ពស់មួយរបស់សហរដ្ឋអាមេរិក បានជួបជាមួយលោក Maduro នៅឯវិមានរដ្ឋាភិបាលវេណេស៊ុយអេឡា ហើយការបន្ធូរបន្ថយទណ្ឌកម្ម ស្ថិតក្នុងចំណោមប្រធានបទ ដែលបានលើកយកមកពិភាក្សា ទោះបីជាមិនមាន កិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនៅពេលនោះក៏ដោយ។ យ៉ាងណាក្តី កិច្ចពិភាក្សាកាលពីខែមីនា បាននាំឱ្យមានការដោះលែងជនជាតិអាមេរិកចំនួន ២នាក់ ដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសវេណេស៊ុយអេឡា ប៉ុន្តែនៅមានជនជាតិអាមេរិកមួយចំនួនទៀត ដែលបន្តជាប់ឃុំ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចកាលពីខែមីនា គឺជាទស្សនកិច្ចលើកដំបូងបំផុត របស់ក្រុមមន្រ្តីរដ្ឋាភិបាលអាមេរិក ទៅកាន់វេណេស៊ុយអេឡា ក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ។ ចាប់តាំងពីពេលនោះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានបង្ហាញពីឆន្ទៈក្នុងការធ្វើប្រាស្រ័យទាក់ទងជាមួយគ្នា ក្រោយប្រទូសភាពជាច្រើនឆ្នាំរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងការ៉ាកាស់៕