(ភ្នំពេញ)៖ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមានលោក ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្រ្តីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន ផងដែរ។
ក្រសួងការបរទេស បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរ ការសន្ទនានយោបាយ ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។
សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្លាប់បានទៅបំពេញទស្សនកិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឱ្យមានការសម្របសម្រួលមួយចំនួន៕