(ប៉េកាំង)៖ យប់ថ្ងៃទី២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ស្តីពី ការអភិវឌ្ឍជាសកលតាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ។ ពេលទើបចាប់ផ្តើមកិច្ចប្រជុំ លោក Xi Jinping បាននិយាយដល់រឿងរ៉ាវរបស់លោក ដែលបានធ្វើជាកសិករនៅភូមិតូចមួយនៃតំបន់ខ្ពង់រាបដីលឿង កាលពីចុងទសវត្សរ៍ឆ្នាំ៦០ នៃសតវត្សរ៍មុនហើយបាននិយាយដល់ចំណាប់អារម្មណ៍របស់លោកផ្ទាល់ខ្លួន ចំពោះនឿយហត់ក្នុងជីវភាពរស់នៅរបស់ប្រជាជន នៅតំបន់នោះផងដែរ។ ពាក់កណ្តាលសតវត្សរ៍ក្រោយ លោក Xi Jinping បានធ្វើដំណើរទៅដល់តំបន់នោះម្តងទៀត លោកប្រធានបានថ្លែងថា «បានមើលឃើញអ្នកស្រុកទាំងឡាយលែងព្រួយបារម្ភដល់ការហុបចុកនិងស្លៀកពាក់ទៀតហើយ ហើយសុទ្ធតែមានទឹកមុខញញឹមដ៏សប្បាយរីករាយ»

ដំណើរជីវិតរបស់អ្នកដឹកនាំចិនរូបនេះបានបង្ហាញពីភាពសាមញ្ញមួយ ពោលគឺ៖ មិនថារស់នៅប្រទេសណា តំបន់ណា ឬមួយក៏នៅជនបទនិងទីក្រុងក៏ដោយ ក្តីបំណងរបស់មនុស្សម្នាក់ៗ ដែលចង់ស្វែងរកជីវភាពរស់នៅប្រកបដោយសុភមង្គល គឺដូចគ្នាដែរដូចនេះ និយាយចំពោះអ្នកកាន់អំណាច «មានតែស្វែងរកការអភិវឌ្ឍឥតឈប់ឈរ ទើបអាចសម្រេចបាននូវសុបិន្តរបស់ប្រជាជន ដែលចង់បានជីវភាពរស់នៅប្រកបដោយសុភមង្គល និងសង្គមប្រកបដោយស្ថិរភាព»។ ហើយនេះក៏ជាគោលបំណងដើម និងភារកិច្ចរបស់កិច្ចប្រជុំប្រទេស BRICS ក្រោមប្រធានបទស្តីពី ការផ្តោតសំខាន់ទៅលើការអភិវឌ្ឍដែលជំរុញ ដោយប្រទេសចិនប្រធានតាមវេននៃកិច្ចប្រជុំឆ្នាំនេះផងដែរ។

បច្ចុប្បន្ននេះ យើងបាននិងកំពុងឋិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងក្លា និងការរីករាលដាលនៃជំងឺឆ្លង ដែលមិនធ្លាប់មានក្នុងរយៈពេល ១រយឆ្នាំ ដូច្នេះការអភិវឌ្ឍកាន់តែប្រកបដោយភាពបន្ទាន់។ ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាព នៃអង្គការសហប្រជាជាតិឆ្នាំ២០៣០ ក៏បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ តើធ្វើយ៉ាងម៉េចទើបអាចដោះស្រាយ «ឱនភាពអភិវឌ្ឍ»? ចម្លើយគឺ៖ ត្រូវតម្កល់ទុកការអភិវឌ្ឍជាអាទិភាពនៃរបៀបវារៈអន្តរជាតិ។

កាលពីខែកញ្ញាឆ្នាំមុន ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍជាសកល ក្នុងន័យជំរុញសហគមន៍អន្តរជាតិផ្តោតសំខាន់ជាថ្មីឡើងវិញ ដល់បញ្ហាអភិវឌ្ឍន៍។ ការរៀបចំកិច្ចប្រជុំសន្ទនាស្តីពីការអភិវឌ្ឍជាសកលលើកនេះ ជាសញ្ញាកត់សម្គាល់ថា គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល បានចាប់ផ្តើមអនុវត្តជាក់ស្តែងហើយ។ ក្នុងកិច្ចប្រជុំសន្ទនា លោក Xi Jinping បានលើកឡើងដល់ការរួមគ្នាបង្កើត និម្មាបនកម្មអភិវឌ្ឍន៍ថែមមួយកម្រិតទៀត ពោលគឺផ្តល់ផលប្រយោជន៍ជាទូទៅប្រកបដោយតុល្យភាព សម្របសម្រួលគ្នានិងមានបរិយាប័ន្ន ធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ និងស្វែងរកភាពរុងរឿងជាមួយគ្នា។

គំនិតផ្តួចផ្តើមទាំងនេះផ្តោតសំខាន់ទៅលើ សុខសុភមង្គលរបស់មនុស្សលោកទាំងមូល។ ប្រទេសចិនមានការអនុវត្តដូចនឹង ពាក្យសំដីលើការជំរុញអភិវឌ្ឍន៍។ ក្នុងអំឡុងពេលកិច្ចប្រជុំ លោក Xi Jinping បានប្រកាសវិធានការសំខាន់របស់ប្រទេសចិន ដើម្បីអនុវត្តគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល ក្នុងនោះបូករួមទាំងការបង្កើត «មូលនិធិការអភិវឌ្ឍជាសកល និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍ» បន្ថែមការទម្លាក់ថវិកាដល់មូលនិធិសន្តិភាព និងអភិវឌ្ឍន៍របស់ចិននិងអង្គការសហប្រជាជាតិ និងបង្កើតមជ្ឈមណ្ឌលជំរុញ កាអភិវឌ្ឍពិភពលោកទាំងមូលជាដើម។

ក្រៅពីនេះ កិច្ចប្រជុំសន្ទនានាថ្ងៃទី២៤ ក៏បានប្រកាសបញ្ជីលទ្ធផលមួយច្បាប់ ដែលមានវិធានការ៣២ផ្នែក និងបានគ្របដណ្តប់៨វិស័យ ពោលគឺការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ និងវ៉ាក់សាំង ការរួមបញ្ចូលទុនធ្វើការអភិវឌ្ឍ បម្រែបម្រួលអាកាសធាតុនិងការអភិវឌ្ឍបៃតង ឧស្សាហូបនីយកម្ម សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់គ្នាក្នុងយុគសម័យឌីជីថលជាដើម។ មជ្ឈដ្ឋានក្រៅវាយតម្លៃថា នេះជា «ឆ្នាំចិនរបស់ BRICS» ពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន