(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) នៅថ្ងៃចន្ទសប្ដាហ៍នេះបានគំរាមថា ការឈ្លានពានមកលើតំបន់គ្រីមៀ (Crimea) ដោយប្រទេសជាសមាជិកណាតូ (NATO) ណាមួយ នឹងត្រូវបានចាត់ទុកថាជាការប្រកាសសង្រ្គាមលើរុស្ស៉ី ដែលនេះនឹងនាំឱ្យផ្ទុះសង្រ្គាមលោក លើកទី៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។
លោក ម៉េដវេដេវ តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយគេហទំព័រព័ត៌មាន អាហ្គុយមិនធី អាយ ហ្វាកទី (Argumenty i Fakty) បានគូសបញ្ជាក់ ដូច្នេះថា «សម្រាប់ពួកយើង គ្រីមៀគឺជាផ្នែកមួយរបស់រុស្ស៉ីជារៀងរហូត។ ដូច្នេះហើយ រាល់ការប៉ុនប៉ងឈ្លានពានណាមួយលើតំបន់គ្រីមៀ នឹងត្រូវបាន ចាត់ទុកថាជាការប្រកាសសង្រ្គាមជាមួយប្រទេសរបស់យើង»។ លោកបន្ថែមថា ប្រសិនបើការឈ្លានពាន ធ្វើឡើងដោយប្រទេសជាសមាជិកណាតូណាមួយ នោះវាមានន័យថាជាជម្លោះជាមួយបក្សសម្ព័ន្ធយោធាណាតូទាំងមូល ដែលនេះនឹងនាំឱ្យផ្ទុះសង្រ្គាមលោកលើកទី៣ ហើយវានឹងបង្កគ្រោះមហន្តរាយដ៏ធំ សម្បើមអស្ចារ្យ។
គួរបញ្ជាក់ថា លោក ម៉េដវេដេវ មិនបាននិយាយសំដៅចំៗទៅលើប្រទេសណាតូណាមួយទេ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ក៏បានបញ្ជាក់ដែរថាប្រសិនបើ ហ្វាំងឡង់ និងស៊ុយអែត ក្លាយជាសមាជិកណាតូ នោះរុស្ស៉ីនឹងពង្រឹងខ្សែការពារនៅតាមតំបន់ព្រំដែនរបស់ខ្លួន ហើយត្រៀមខ្លួនជានិច្ចដើម្បីចាត់វិធានការ សងសឹក ក្នុងនោះរួមមានទាំងការដាក់ពង្រាយមីស៊ីល អ៉ីស្កាន់ឌឺ (Iskander) អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ៕