(អាល្លឺម៉់ង់)៖ មេដឹកនាំនៃប្រទេសប្រជាធិបតេយ្យ G7 ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបានសន្យាកាលពីថ្ងៃចន្ទថា នឹងឈរជាមួយអ៊ុយក្រែន «ដរាបណាចាំបាច់» ដោយនឹងបន្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។
ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ដូចជាការកើនឡើងនៃថាមពល និងតម្លៃអាហារ បានគ្របដណ្ដប់លើប្រធានបទកិច្ចប្រជុំកំពូលឆ្នាំនេះ របស់មេដឹកនាំនៃប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក បារាំង អ៊ីតាលី កាណាដា ជប៉ុន និងអង់គ្លេស។
សេចក្តីថ្លែងការណ៍បាននិយាយថា «យើងនឹងបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ យោធា និងការទូត ហើយឈរជាមួយអ៊ុយក្រែនឱ្យបានយូរតាមដែល(ប្រទេសនេះ)ត្រូវការ»។
សេចក្តីថ្លែងការណ៍ននេះបានធ្វើឡើង នៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 ភ្លាមៗបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយទៅកាន់មេដឹកនាំទាំងនោះ អំពីសង្រ្គាមតាមរយៈតំណភ្ជាប់វីដេអូ។
នៅក្នុងសុន្ទរកថាដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ លោក Zelensky បានស្នើសុំប្រព័ន្ធការពារប្រឆាំងយន្តហោះ ការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី និងការធានាសន្តិសុខ នេះបើតាមមន្ត្រីអឺរ៉ុបម្នាក់បាននិយាយថា។ លោកក៏បាន និយាយដែរ ថា លោកចង់ឲ្យសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនបញ្ចប់នៅចុងឆ្នាំនេះមុនពេលរដូវរងាចូលមកដល់៕