(កៀវ)៖ អាជ្ញាធរប្រចាំតំបន់ នៅថ្ងៃចន្ទនេះ បានជំរុញដល់ជនស៉ីវិល ឲ្យជម្លៀសខ្លួនចេញជាបន្ទាន់ ពីទីក្រុងលីស៉ីឆាន់ស៍ (Lysychansk) នៅភាគខាងកើតអ៊ុយក្រែន ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំងក្លាពីកងកម្លាំងរុស្ស៉ី។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។
តាមរយៈបណ្តាញសង្គមតេឡេក្រាម លោក សឺហ៉ី ហ្គៃដៃ (Serhiy Gaidai) អភិបាលតំបន់លូហាន់ (Luhansk) បានសរសេរយ៉ាងដូច្នេះថា «ជូនចំពោះអ្នកស្រុកនៃទីក្រុងលីស៉ីឆាន់ស៍ និងសាច់ញាតិរបស់អ្នកទាំងអស់គ្នាជាទីគោរព! ដោយសារតែមានការគំរាមកំហែងជាក់ស្តែងដល់អាយុជីវិត និងសុខភាពរបស់អ្នកទាំងអស់គ្នា យើងសូមអំពាវនាវឲ្យអ្នកទាំងអស់គ្នា ជម្លៀសខ្លួនចេញពីទីនោះជាបន្ទាន់»។
លោក ហ្គៃដៃ បានបន្ថែមថា ទីក្រុងលីស៉ីឆាន់ស៍ កំពុងជួបមហន្តរាយដោយការបាញ់ផ្លោងយ៉ាងខ្លាំងក្លា បន្ទាប់ពីកងកម្លាំងរុស្ស៉ី បានងាកមកផ្តោតការវាយប្រហារលើទីក្រុងនេះ ក្រោយពីពួកគេទទួលបានជ័យជម្នះលើ សមរភូមិនៅទីក្រុងស៉ីវីយេរ៉ូដូណេត (Sievierodonetsk) កាលពីចុងសប្តាហ៍កន្លងទៅ។
គួរបញ្ជាក់ថា បើតាមលោក ហ្គៃដៃ ស្ថានភាពក្នុងទីក្រុងលីស៉ីឆាន់ស៍ គឺមានការលំបាកខ្លាំង ហើយមិនបានបញ្ជាក់អំពី ចំនួនជនស៉ីវិលដែលកំពុងស្ថិតក្នុងទីក្រុងនេះទេ ប៉ុន្តែមុនពេលរុស្ស៉ីបើការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ គឺទីក្រុងលីស៉ីឆាន់ស៍មានប្រជាជនប្រមាណ ១0០,០០០នាក់៕