(ប៉េកាំង)៖ «យើងធ្វើជម្រើសដ៏ត្រឹមត្រូវក្នុងគ្រាគន្លឹះ នៃការអភិវឌ្ឍប្រវត្តិសាស្ត្រ ការចាត់ប្រតិបត្តិការ ដែលមានទំនួលខុសត្រូវ វាមានសារសំខាន់ណាស់ចំពោះពិភពលោក។» យប់ថ្ងៃទី២៣ខែមិថុនា លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើជាអធិបតីក្នុង កិច្ចសន្ទនាលើកទី១៤ នៃថ្នាក់ដឹកនាំប្រទេស BRICS តាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដោយអំពាវនាវឱ្យប្រទេស BRICS សាមគ្គីគ្នាជាធ្លុងមួយនិងប្រមូលផ្តុំកម្លាំង ដើម្បីរួមគ្នាឆ្ពោះទៅកាន់អនាគត។

នេះជាកិច្ចសន្ទនាសំខាន់មួយលើក ដែលបើកធ្វើក្នុងបរិបទស្ថានការណ៍ដ៏ស្មុគ្រស្មាញ។ ជំងឺកូវីដ១៩បន្តរីករាលដាល សេដ្ឋកិច្ចពិភពលោកពិបាកងើបឡើងវិញ ហានិភ័យភូមិសាស្ត្រដូចជាវិបត្តិអ៊ុយក្រែនជាដើមបន្តកើនឡើង គំនិតសង្គ្រាមត្រជាក់និងនយោបាយជា ក្រុមត្រូវគេឃោសនាបំប៉ោងយ៉ាងគឃ្លើន។ល។ ប្រការទាំងនេះសុទ្ធតែបានបង្កជា ផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេស BRICS។

«ប្រកាន់ខ្ជាប់ការរួមសហការគ្នាដើម្បីពុះពារឧបសគ្គនិងគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក», “ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីរួមគ្នាទប់ទល់នឹងហានិភ័យនិងបញ្ហាប្រឈម” “ប្រកាន់ខ្ជាប់ការត្រួសត្រាយនិងច្នៃប្រឌិតថ្មី ដើម្បីបំផុសសក្តានុពលនិងកម្លាំងរស់រវើកនៃកិច្ចសហប្រតិបត្តិការ» និង «ប្រកាន់ខ្ជាប់ការបើកទូលាយនិងបរិយាប័ន្ន ដើម្បីប្រមូលផ្តុំប្រាជ្ញានិងកម្លាំងជាសមូហភាព» លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមបួនចំណុច ក្នុងកិច្ចសន្ទនាលើកនេះ ដែលបានចង្អុលបង្ហាញនូវទិសដៅនៃដំណើរការថ្មី នៃកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS។

អាចឃើញថា គំនិតផ្តួចផ្តើមបួនចំណុចទាំងនេះនិងសុន្ទរកថាគន្លឹះ ដែលលោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងក្នុងពិធីបើកវេទិកាឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេស BRICS កាលពីមួយថ្ងៃមុនគឺមានខ្លឹមសារតភ្ជាប់គ្នា ដែលផ្តោតសំខាន់លើរឿងធំទាំងពីរ ពោលគឺសន្តិសុខនិងការអភិវឌ្ឍ។ ជាពិសេស គឺគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល និងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍសកលដែលលោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់បានសមស្រប នឹងតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS។

សេចក្តីប្រកាសក្រុងប៉េកាំងដែលអនុម័តក្នុងកិច្ចសន្ទនាលើកនេះ បានលើកឡើងយ៉ាងច្បាស់លាស់ថា «យើងគាំទ្ររុស្ស៊ីធ្វើការចរចាជាមួយអ៊ុយក្រែន» ដែលបានបញ្ចេញសំឡេងគាំពារសន្តិភាព របស់ប្រទេសកំពុងអភិវឌ្ឍន៍ងើបឡើងថ្មី ទៅកាន់ពិភពលោកទាំងមូល។ ក្រៅពីនេះ ប្រទេសចិនក៏ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍរួមផងដែរ។ កាលពីខែមេសាឆ្នាំនេះ សកម្មភាពមួយចំនួននៃ «ការទិញទំនិញរបស់ប្រទេស BRICS» បានចាប់ដំណើរការនៅក្រុង Xiamen។

ស្រាទំពាំងបាយជូរបស់អាហ្វ្រិកខាងត្បូង គ្រាប់កាហ្វេប្រេស៊ីល ម្សៅគ្រឿងទេសឥណ្ឌានិងសូកូឡារុស្ស៊ី បានក្លាយជាទំនិញដែលលក់ដាច់ នៃពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេលតែ១៦ថ្ងៃប៉ុណ្ណោះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំនានាក៏បានលក់ដូរទំនិញលើសពី ២៧០លានយាន់ប្រាក់ចិន ដែលបានបង្ហាញពីឱកាសដ៏ធំធេងនៃទីផ្សារប្រទេសចិន។

គំនិតផ្តួចផ្តើមទាំងនេះមិនត្រឹមតែផ្តោតសំខាន់ លើការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ «ផែនការប្រទេស BRICS» ដ៏មានតម្លៃដល់ការជំរុញសន្តិភាព និងការអភិវឌ្ឍពិភពលោក ក៏ដូចជាបានបន្សល់ទុកនូវ «ដានរបស់ចិន» ថ្មីបំផុតក្នុងដំណើរកិច្ចសហប្រតិបត្តិការ រវាងប្រទេស BRICS ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន