(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា សហរដ្ឋអាមេរិក ទំនងជានឹងប្រកាសអំពីការផ្តល់ប្រព័ន្ធមីស៉ីលការពារ ដែនអាកាស ចាប់ពីរយៈមធ្យម ដល់រយៈចម្ងាយឆ្ងាយ សម្រាប់អ៊ុយក្រែននៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកខាងលើដដែល បានបន្ថែមថាទីក្រុងវ៉ាស៉ីនតោន ក៏ត្រូវបានគេរំពឹងថានឹងប្រកាសផ្ដល់ជំនួយយោធា ផ្សេងទៀត សម្រាប់អ៊ុយក្រែន រួមទាំងកំាភ្លើងធំ និងប្រព័ន្ធរ៉ាដា ដើម្បីដោះស្រាយតម្រូវការដែលបានស្នើឡើងដោយយោធាអ៊ុយក្រែន ហើយនេះជាផ្នែកមួយនៃកញ្ចប់ ជំនួយយោធាចំនួន ៧០០លានដុល្លារ ដែលរដ្ឋបាលលោក បៃដិន បានប្រកាសផ្តល់ដល់អ៊ុយក្រែននៅក្នុងខែមិថុនានេះ។
គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធានេះ រួមមានគ្រាប់រំសេវ ប្រព័ន្ធប្រឆាំងមីស៉ីល, ប្រព័ន្ធរ៉ាដា, មីស៉ីលប្រឆាំងរថក្រោះ Javelin ក៏ដូចជាអាវុធប្រឆាំងពាសដែក ដែល នេះជាកិច្ចខិតខំប្រឹងប្រែងមួយទៀត ខណៈផែនការបញ្ជូនយន្តហោះដ្រូន (Drone) ធុនធំចំនួន ៤គ្រឿងទៅឱ្យអ៊ុយក្រែន ត្រូវបានផ្អាកនៅដើមខែនេះ ចំពេលមាន ការព្រួយបារម្ភថាអាចបង្កើតហានិភ័យសន្តិសុខសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើធ្លាក់ទៅក្នុងដៃទាហានរុស្ស៊ី៕