(អ៉ីស្តង់ប៊ុល)៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក អ៉ីប្រ៉ាហ៉ីម កាលីន (Ibrahim Kalin) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ថាលោកប្រធានាធិបតី តាយ៉ីប អឺដូហ្គាន់ (Tayyip Erdogan) នឹងចូលរួមចរចាជាមួយមេដឹកនាំស៊ុយអែត និងហ្វាំងឡង់ ក៏ដូចជាអង្គការណាតូ (NATO) មុនកិច្ចប្រជុំកំពូលដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងប្រាប់ទូរទស្សន៍ ហាបឺទួក (Haberturk) របស់ប្រទេសតួកគី លោក កាលីន បានបញ្ជាក់ថា រូបលោកផ្ទាល់ និងអនុរដ្ឋមន្រ្តីការបរទេស លោក សេដាត អូណាល់ (Sedat Onal) ក៏នឹងជួបកិច្ចចរចាដោយឡែកមួយជាមួយគណៈប្រតិភូរបស់ស៊ុយអែត និងហ្វាំងឡង់ នៅឯទីក្រុងព្រុចសែល នាថ្ងៃចន្ទនេះដែរ បន្ទាប់មក «នឹងមានកិច្ចប្រជុំចំនួន ៤ផ្សេងទៀត កម្រិតមេដឹកនាំ ដោយមានវត្តមានរបស់លោកប្រធានាធិបតី អឺដូហ្គាន់ ទៅតាមការស្នើសុំរបស់ ប្រមុខណាតូ»។
ទោះយ៉ាងណាលោក កាលីន បានបញ្ជាក់ដូច្នេះថា «ការដែលលោក អឺដូហ្គាន់ ចូលរួមក្នុងកិច្ចចរចាជាមួយស៊ុយអែត, ហ្វាំងឡង់ និងណាតូនេះ មិនមែន មានន័យថា យើងផ្លាស់ប្តូគោលជំហររបស់យើងទេ»។ លោក កាលីន បានបន្ថែមថា «តួកគីជាមួយប្រទេសក្នុងតំបន់បាល់ទិក មានការព្រមព្រៀងគ្នាយ៉ាង ទូលំទូលាយលើការដោះស្រាយបញ្ហា ហើយការដោះស្រាយនឹងមានភាពប្រសើរជាងមុន ប្រសិនបើពួកគេព្រមព្រៀងតាមសំណើ ក្នុងកិច្ចប្រជុំក្រុមមន្រ្តីនៃប្រទេសរបស់យើងនាថ្ងៃចន្ទនេះ»។
គួរបញ្ជាក់ថា កាលពីដើមខែមិថុនានេះ តួកគីបានអះអាងថា ឯកសារដែលខ្លួនបានទទួលពីស៊ុយអែត និងណាតូ ដើម្បីស្នើសុំការព្រមព្រៀងជាលាយលក្ខណ៍អក្សរ ពីតួកគី ក្នុងការគាំទ្រឲ្យស៊ុយអែត និងហ្វាំងឡង់ ក្លាយជាបេក្ខភាពរបស់អង្គការណាតូនោះ គឺមិនទាន់អាចបំពេញតាមការរំពឹងទុករបស់ខ្លួនទេ ដូច្នេះដើម្បី ឈានដល់ការព្រមព្រៀងណាមួយ លុះត្រាតែកង្វល់របស់តួកគីត្រូវបានដោះស្រាយជាមុនសិន៕