(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊ូមីអុ គីស៉ីដា (Fumio Kishida) បាននិយាយនៅឯកិច្ចប្រជុំកំពូល នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ទាំង៧ ហៅកាត់ថា G7 ក្នុងប្រទេសអាល្លឺម៉ង់ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងជនជាតិរុស្ស៉ីចំនួន ៧០នាក់ ព្រមទាំងនឹងពង្រីក បន្ថែមនូវការហាមឃាត់ការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៉ី ជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់លោក ពូទីន នៅអ៊ុយក្រែន។ នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។
ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ជប៉ុនមានបំណងបង្កកទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៉ីចំនួន ៧០នាក់បន្ថែមទៀតជុំវិញស្ថានការណ៍សង្គ្រាម នៅប្រទេសអ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុនរុស្ស៉ីចំនួន ៩០ផ្សេងទៀត ដែលទីក្រុងតូក្យូគិតថាមានទំនាក់ទំនងជាមួយ ឧស្សាហកម្មការពារជាតិរុស្ស៉ី។ លើសពីទៅទៀតនេះ កញ្ចប់ទណ្ឌកម្មថ្មីខាងលើ ក៏នឹងហាមឃាត់សេវាកម្មគណនេយ្យ និងសេវាកម្មផ្ដល់ទំនុកចិត្តដល់ រុស្ស៉ី និងការនាំចូលមាសពីរុស្ស៉ីផងដែរ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានដាក់ចេញនូវកញ្ចប់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងរុស្ស៉ីរួចស្រេចទៅហើយ ដើម្បីឆ្លើយតប សង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលលោកខាងលិចចាត់ទុកថាជាការឈ្លានពាន ក្នុងនោះរួមមានជនជាតិរុស្ស៉ី ជនជាតិបេឡារុស្សជាង ៧០០នាក់ ក៏ដូចជាក្រុមហ៊ុនរុស្ស៉ី និងបេឡារុស្សជាង ២០០ក្រុមហ៊ុន៕