(ប្រេតូរីយ៉ា)៖ ប៉ូលិសអាហ្រ្វិកខាងត្បូងបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ចំនួន១៧នាក់ ត្រូវបានរកឃើញថាបានបាត់បង់ជីវិត នៅក្នុងក្លឹបកម្សាន្តពេលរាត្រីដ៏ពេញនិយមមួយកន្លែង ដែលស្ថិតក្នុងទីក្រុងអ៉ីសឡុនដុន (East London) នៅភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២។
លោក ថឹមប៊ីនកូស៉ី គីណាណា (Thembinkosi Kinana) អ្នកនាំពាក្យប៉ូលិសប្រចាំខេត្ត អ៉ីស្ទឺនខេប (Eastern Cape) បានប្រាប់ដូច្នេះថា «យើងទទួលបានសេចក្តីរាយការណ៍អំពី មនុស្សប្រមាណជា ១៧នាក់ស្លាប់ នៅក្នុងក្លឹបរាត្រីមួយកន្លែង នៅតំបន់ស៉ីណឺរីផាក (Scenery Park)។ យើងកំពុងតែបើកការស៉ើបអង្កេតជុំវិញករណីនេះ»។
គួរបញ្ជាក់ថា បើតាមលោក Kinana ភ្លាមៗបែបនេះ ខាងអាជ្ញាធរមិនទាន់អាចកំណត់ច្បាស់ អំពីមូលហេតុនៃការស្លាប់របស់ជនទាំងនោះនៅឡើយទេ ខណៈជនងគ្រោះសុទ្ធតែជាយុវវ័យអាយុចន្លោះ១៨-២០ឆ្នាំ៕