(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នាចុងសប្តាហ៍នេះ បាននិយាយថា រុស្ស៉ីនឹងបញ្ជូនប្រព័ន្ធមីស៉ីលរយៈចម្ងាយខ្លី អ៉ីស្កាន់ដឺ-អឹម (Iskander-M) ទៅកាន់បេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងពេលប៉ុន្មានខែទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២។
លោក ពូទីន បានអះអាងថា ប្រព័ន្ធមីស៉ីល Iskander-M អាចបាញ់បានទាំងមីស៉ីលផ្លោងបាលីស្ទិគ និងមីស៉ីលគ្រូស ហើយក្បាលគ្រាប់វិញ គឺអាចបំពាក់ប្រភេទធម្មតាក៏បាន ឬប្រភេទក្បាលគ្រាប់នុយក្លេអ៊ែរក៏បាន។ ប្រព័ន្ធបាញ់មីស៉ីលរបស់រុស្ស៉ីមួយនេះ អាចវាយប្រហារបានដល់ចម្ងាយអតិបរមាប្រហែល ៥០០គីឡូម៉ែត្រ។
ថ្លែងចេញពីទីក្រុង សេន ភីតឺស្បឺក (St Peterburg) លោកប្រធានាធិបតីរុស្ស៉ី បានបន្ថែមថា រុស្ស៉ីក៏នឹងជួយកែច្នៃយន្តហោះចម្បាំង Su-25 របស់បេឡារុសផងដែរ ដើម្បីអាចឱ្យពួកវាបំពាក់អាវុធនុយក្លេអ៊ែរបាន បន្ទាប់ពីប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ ឡូកាសិនកូ (Aleksandr Lukashenko) បានស្នើសុំដោយផ្ទាល់។
គួរបញ្ជាក់ថា ភាពតានតឹងរវាងរុស្ស៉ីនិងក្រុមប្រទេសលោកខាងលិច បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងតែពីការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ចាប់តាំងពីនោះមក បុរសខ្លាំងរុស្ស៉ីរូបនេះ ធ្លាប់ធ្វើការលើកឡើងប៉ុន្មានលើក ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ដែលបានធ្វើឱ្យមតិខ្លះយល់ថា វាជាការព្រមានចំពោះលោកខាងលិច កុំឱ្យហ៊ានលូកដៃដោយផ្ទាល់ ក្នុងវិបត្តិនៅអ៊ុយក្រែន៕