(សៀងហៃ)៖ ក្រសួងការបរទេសចិន នៅថ្ងៃសៅរ៍នេះបានប្រកាសថា ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌ដែលមានតម្លៃ ៧.៥លានដុល្លារអាមេរិក ដល់ប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ១,០០០នាក់ និងរងរបួសជាង ១,៥០០នាក់ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា ជំនួយមនុស្សធម៌នេះនឹងរួមមាន តង់ កន្សែង គ្រែ និងសម្ភារៈផ្សេងទៀត។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័របានវាយប្រហារប្រទេសអាហ្វហ្កានីស្ថាន ចម្ងាយប្រហែល១៦០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ជិតព្រំដែនប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធសប្តាហ៍នេះ ៕