(វ៉ាស៉ីនតោន)៖ UN និងមេដឹកនាំពិភពលោករាប់ចាប់ពីមេដឹកនាំបារាំង អង់គ្លេស និងកាណាដា បានថ្កោលទោសសេចក្ដីសម្រេចរបស់តុលាការកំពូលអាមេរិកស្តីពី ការលុបចោល «សិទ្ធិរំលូតកូន» ដោយចាត់ទុកថាវាជា «ការវាយប្រហារដ៏ធំបំផុត» ចំពោះសិទ្ធិបន្តពូជ និងសមភាពយេនឌ័ររបស់ស្ត្រីអាមេរិក។ នេះបើយោងតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២។
ការថ្កោលទោសយ៉ាងដាច់អហង្ការពីសំណាក់អន្តរជាតិ បានកើតឡើងភ្លាមៗ បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ក្នុងលុបចោលសាលដីកាជា ប្រវត្តិសាស្រ្តឆ្នាំ១៩៧៣ រ៉ូ វី វេដ (Roe v Wade) ដែលផ្ដល់សិទ្ធិឱ្យស្រ្តីអាមេរិក «រំលូតកូន»។ សេចក្តីសម្រេចដ៏ចម្រូងចម្រាសនៅថ្ងៃសុក្រសប្ដាហ៍នេះមានន័យថា ប្រហែលពាក់កណ្តាលនៃរដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក នាពេលឥឡូវនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការហាមឃាត់ការរំលូតកូន។
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី មីឈែល បាឆេឡេត (Michelle Bachelet) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកគឺជា «ការដើរថយក្រោយ និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិមនុស្ស និងសមភាពយេនឌ័រ»។
អ្នកនាំពាក្យអគ្គលេខាធិការ UN លោក ស្ទេហ្វិន ឌូហ្សារីក (Stephane Dujarric) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រសប្ដាហ៍នេះថា «ការរឹតត្បិតសិទ្ធិ ក្នុងការរំលូតកូន មិនបញ្ឈប់មនុស្សដែលកំពុងស្វែងរកនីតិវិធីរំលូតកូននោះទេ។ វារឹតតែធ្វើឱ្យវាកាន់តែគ្រោះថ្នាក់ប៉ុណ្ណោះ។ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិទាំងនេះ គឺជាមូលដ្ឋានគ្រឹះនៃជម្រើសជីវិតរបស់មនុស្ស និងសិទ្ធិអំណាច និងសមភាពសម្រាប់ស្ត្រី និងក្មេងស្រីរបស់ពិភពលោក»។
ដោយឡែក អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានលើកឡើងថា «ខ្ញុំ ខកចិត្តខ្លាំងណាស់ ព្រោះសិទ្ធិស្ត្រី គួរតែត្រូវបានការពារ ហើយខ្ញុំរំពឹងថាសហរដ្ឋអាមេរិកនឹងការពារសិទ្ធិបែបនេះ»។
មេដឹកនាំបារាំង និង អង់គ្លេស ក៏បានថ្កោលទោស យ៉ាងដាច់អហង្ការលើការសម្រេចចិត្តនេះផងដែរ ដោយពិពណ៌នាការសម្រេចចិត្តនេះថា «ជាបញ្ហាប្រឈមចំពោះ សេរីភាពស្ត្រី ព្រោះការរំលូតកូន គឺជាសិទ្ធិមូលដ្ឋានសម្រាប់ស្ត្រីគ្រប់រូប។ វាត្រូវតែត្រូវបានការពារ» ខណៈមេដឹកនាំពិភពលោកផ្សេងទៀត ក៏បានសម្ដែងការព្រួយបារម្ភ អំពីផលវិបាកជាសកលនៃសេចក្តីសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកផងដែរ៕