(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងចក្រភពអង់គ្លេស បានបង្កើត «សម្ព័ន្ធភាពក្រៅផ្លូវការ» មួយ ក្នុងគោលបំណងជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងការទូតជាមួយបណ្តាប្រទេសប្រជុំកោះប៉ាស៉ីហ្វិក។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាថានឹងផ្តល់ធនធានបន្ថែមទៀតដល់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក ខណៈចិនកំពុងស្វែងរកកិច្ចព្រមព្រៀងទូទាំងតំបន់ ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច យោធា និងប៉ូលិស ជាមួយបណ្តាប្រទេសប្រជុំកោះប៉ាស៉ីហ្វិកដែលទទូចចង់បានការវិនិយោគពីបរទេស។
បើតាមសេតវិមាន សម្ព័ន្ធភាពក្រៅផ្លូវការខាងលើ ត្រូវបានគេដាក់ឈ្មោះថា Partners in the Blue Pacific ឬហៅកាត់ថា PBP ហើយនឹងស្វែងរកការគាំទ្រតំបន់ប៉ាស៉ីហ្វិក ក៏ដូចជាពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច រវាងបណ្ដាប្រទេសប្រជុំកោះប៉ាស៉ីហ្វិក និងពិភពលោកផ្សេងទៀត។
សេតវិមាន បានគូសបញ្ជាក់ថា «យើងរួបរួមគ្នាប្តេជ្ញាចិត្តក្នុងការគាំទ្រតំបន់ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃមហាសមុទ្រប៉ាស៉ីហ្វិក។ យើងក៏រួបរួមគ្នាផងដែរ ក្នុងរបៀបដែលយើងសម្រេចបាននូវចក្ខុវិស័យនេះ ផ្អែកលើគោលការណ៍នៃអធិបតេយ្យ តម្លាភាព គណនេយ្យភាព និងភាគច្រើនទាំងអស់ដែលដឹកនាំដោយ តំបន់ប៉ាស៉ីហ្វិក។
គួរបញ្ជាក់ថា អ្នកសម្របសម្រួលសេតវិមានទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៉ីហ្វិក លោក ខឺត ខេមប៊ែល (Kurt Campbell) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោករំពឹងថាមន្ត្រីជាន់ខ្ពស់អាមេរិកបន្ថែមទៀត នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ស្របពេលក្រុងវ៉ាស៊ីនតោន បង្កើនការចូលរួម របស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងកើនឡើងនៅក្នុងតំបន់៕