(សៀងហៃ)៖ យោធាចិន នៅថ្ងៃសៅរ៍នេះបាននិយាយថា ការហោះហើរនាពេលថ្មីៗនេះ ដោយយន្តហោះឈ្លបយកការណ៍ដែនសមុទ្រមួយគ្រឿងរបស់សហរដ្ឋអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជាទង្វើគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ស៊ី អ៉ី (Shi Yi) អ្នកនាំពាក្យនៃទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាចិនបានត្រៀមកងកម្លាំងជើងគោក និងអាកាស ដើម្បីត្រួតពិនិត្យប្រតិបត្តិការរបស់យន្តហោះទាំងនោះ ដែលបានធ្វើប្រតិបត្តិការកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។
លោក Shi Yi បានបន្ថែមថាចិនប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក ហើយថាយោធាចិននៅតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ប៉ុន្តែ ភ្លាមៗ ខាងសហរដ្ឋអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕