(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃសុក្រថា ពិភពលោកកំពុងជួបប្រទះហានិភ័យយ៉ាងពិតប្រាកដ នៃគ្រោះទុរ្ភិក្សជាច្រើននៅឆ្នាំនេះ ហើយបានជំរុញឱ្យរដ្ឋមន្ត្រីកោះប្រជុំស្តីពីសន្តិសុខស្បៀង ដើម្បីចាត់វិធានការជាក់ស្តែង ដើម្បីរក្សាស្ថិរភាពទីផ្សារម្ហូបអាហារ និងកាត់បន្ថយការប្រែប្រួលតម្លៃទំនិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។
លោក Guterres បានប្រាប់សន្និសីទនៅទីក្រុងប៊ែរឡាំងតាមរយៈវីដេអូថា «យើងកំពុងប្រឈមមុខនឹងវិបត្តិអត់ឃ្លានជាសកលដែលមិនធ្លាប់មានពីមុនមក។ សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើងដែលបានកើតឡើងជាច្រើនឆ្នាំមកនេះដូចជា ការរំខានអាកាសធាតុ ជំងឺរាតត្បាតសកលកូវីដ១៩ និងការកើនឡើងវិញនៃវិសមភាពដ៏អាក្រក់ជាដើម»។
លោក Guterres បានបន្តថា «ហានិភ័យពិតប្រាកដដែលទុរ្ភិក្សជាច្រើន នឹងត្រូវបានប្រកាសនៅឆ្នាំ២០២២។ ឆ្នាំ២០២៣ អាចនឹងកាន់តែអាក្រក់ ដោយលោកហៅជាការអត់ឃ្លានដ៏ធំ និងការអត់ឃ្លានមិនអាចទទួលយកបានក្នុងសតវត្សទី២១»។
យោងតាមភ្នាក់ងារដាក់ចំណាត់ថ្នាក់សន្តិសុខស្បៀងអារហារហៅកាត់ថា IPC បានឱ្យដឹងថា មនុស្សជាង ៤៦០,០០០នាក់នៅក្នុងប្រទេសសូម៉ាលី យេម៉ែន និងស៊ូដង់ខាងត្បូងកំពុងស្ថិតក្នុងស្ថានភាពទុរ្ភិក្ស ខណៈមនុស្សរាប់លាននាក់ទៀតនៅក្នុងប្រទេសចំនួន ៣៤ប្រទេសក៏កំពុងស្ថិតនៅមាត់ជ្រោះនៃភាពទុរ្ភិក្សផងដែរ៕