(ប៉េកាំង)៖ ថ្ងៃទី២១ ខែមិថុនា តាមម៉ោងតំបន់ខាងកើតរបស់អាមេរិក អនុលោមតាមអ្វីដែលហៅថា «ច្បាប់ស្តីពីការបង្ការកុំឱ្យមានការបង្ខិតបង្ខំឱ្យជនជាតិវៃវូអឺធ្វើពលកម្ម» រដ្ឋបាលគយនិងការពារព្រំដែនរបស់សហរដ្ឋអាមេរិក បានធ្វើសន្និដ្ឋានថា ផលិតផលដែលផលិតនៅតំបន់ស៊ីនជាំងនៃប្រទេសចិនទាំងអស់ ជាផលិតផលពាក់ព័ន្ធនឹងអ្វីដែលហៅថា «បង្ខំឱ្យធ្វើពលកម្ម» ព្រមទាំងហាមមិនឱ្យនាំចូលផលិតផលទាំងអស់ ដែលពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង។
អ្នកចេះដឹងអាចមើលឃើញថា ទង្វើឆ្កួតឡប់របស់អាមេរិកដែលឈរលើមូលដ្ឋានពាក្យកុហក បានល្មើសនឹងក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ តាមពិតទៅ អាមេរិកចង់ «ផ្តាច់ទំនាក់ទំនង» ជាមួយប្រទេសចិនលើវិស័យពាណិជ្ជកម្ម និងច្រានចោលតំបន់ស៊ីនជាំង រហូតដល់ឱ្យប្រទេសចិននៅក្រៅខ្សែសង្វាក់ឧស្សាហកម្មជាសកល ដើម្បីសម្រេចបាននូវអ្វីដែលហៅថា «ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស»។
ទោះជាបាត់បង់ដើមឈើមួយដើមរបស់អាមេរិក ក៏ផលិតផលតំបន់ស៊ីនជាំងនៅតែមានព្រៃឈើទាំងមូល។ ប៉ុន្តែនិយាយចំពោះទីផ្សារអាមេរិក ដែលជាទីផ្សារចំណាយធំជាងគេនៅលើពិភពលោក បើសិនជាហាមមិនឱ្យនាំចូលផលិតផលទាំងអស់ ដែលពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ហាក់ដូចជាកាត់ផ្តាច់ជាមួយខ្សែសង្វាក់ឧស្សាហកម្ម ជាសកលដោយខ្លួនឯង និងបណ្តេញប្រទេសខ្លួនឯងឱ្យនៅឯកោ។
សូមយកមុខរបរសំឡីកប្បាសនិងប៉ូលីស៊ីលីកុន ដែលជាឧស្សាហកម្មមានឧត្តមភាពរបស់តំបន់ស៊ីនជាំងជាឧទាហរណ៍។ កប្បាសដែលមានដើមវែងរបស់តំបន់ស៊ីនជាំងមានគុណភាពខ្ពស់និងតម្លៃថោក ជាជម្រើសជាអាទិភាពរបស់ផលិតផលល្បីឈ្មោះលើឆាកអន្តរជាតិ។ ព្រមពេលជាមួយគ្នានេះ តំបន់ស៊ីនជាំងបានផលិតប៉ូលីស៊ីលីកុនស្ទើរតែចំនួនពាក់កណ្តាលនៃចំនួនសរុបនៅលើពិភពលោក ការផលិតបន្ទះសូឡារបស់អាមេរិកមាន៨៥ភាគរយគឺពឹងផ្អែកលើប្រទេសចិន។ បើសិនជាហាមមិនឱ្យនាំចូលផលិតផលពីរប្រភេទនេះ នោះអាមេរិកពិបាករកជម្រើសជំនួសនៅលើពិភពលោកណាស់ នោះការបង់តម្លៃរបស់អាមេរិក គឺអតិផរណាកាន់តែខ្ពស់និងវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ មានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។
មិនត្រឹមតែប៉ុណ្ណោះទេ ដោយមកពីច្បាប់អាក្រក់ដែលពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងនេះ ក៏មានខ្លឹមសារដាក់ទណ្ឌកម្មទៅលើ សហគ្រាសដែលបានប្រើប្រាស់សម្ភារៈដើម នៃតំបន់ស៊ីនជាំងនិងបានឈ្នួលបុគ្គលិកជនជាតិវៃវូអឺ នេះគឺមានន័យថា អាមេរិកមិនគ្រាន់តែនឹងច្រានចោលផលិតផល នៃតំបន់ស៊ីនជាំងតែប៉ុណ្ណោះទេ ជាងនេះទៅទៀត គឺចង់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ក៏ដូចជាកាត់ផ្តាច់ជាមួយខ្សែសង្វាក់ឧស្សាហកម្មជាសកលទៀតផង។
បច្ចុប្បន្ននេះ ក្នុងបរិបទសកលភាវូបនីយកម្ម ផលិតផលនិងសម្ភារៈដើមរបស់តំបន់ស៊ីនជាំង បាននាំចេញទៅកាន់តំបន់ជាច្រើននៅលើពិភពលោក ហើយបានគ្របដណ្ដប់លើខ្សែសង្វាក់ឧស្សាហកម្មជាសកល ។ កម្មករជនជាតិវៃវូអឺក៏បានចូលរួមយ៉ាងទូលំទូលាយក្នុងផលិតកម្មនៃសហគ្រាស ធ្វើការខិតខំប្រឹងប្រែង ដើម្បីជីវភាពរស់នៅដ៏ល្អបវរ។ ប៉ុន្តែអាមេរិកបានប្រឌិតពាក្យកុហកអ្វីដែលហោថា «ការបង្ខំឱ្យធ្វើពលកម្ម» ប៉ុនប៉ងច្រានចោលផលិតផលទាំងអស់ដែលពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង តាមពិតទៅ ទង្វើនេះគឺចង់ធ្វើការបំបិទដោយឯកតោភាគី និងកាត់ផ្តាច់ទីផ្សារសកល។ អាមេរិកបដិសេធមិនឱ្យនាំចូលផលិតផលទាំងអស់ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង តាមពិតទៅ គឺផ្តាច់ខ្លួនចេញពីពិភពលោក ផ្តាច់ខ្លួនចេញពីឱកាស និងផ្តាច់ខ្លួនចេញពីអនាគត ដែលនឹងពន្លឿន “ការកាច់ផ្តាច់ខ្លួនឯង” ចេញពីខ្សែសង្វាក់ឧស្សាហកម្មជាសកល។ ពេលវេលានឹងបញ្ជាក់ថា៖ ដើរថយក្រោយពីនិន្នាការប្រវត្តិសាស្ត្រ និងប៉ុនប៉ងបិទផ្លូវរបស់អ្នកដទៃ ចុងបំផុតគង់តែបិទផ្លូវរបស់ខ្លួនឯងជាក់ជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន