(ប៉េកាំង)៖ យប់ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតី ក្នុងកិច្ចជំនួបថ្នាក់ដឹកនាំប្រទេស BRICS លើកទី ១៤ តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។ លោកXi Jinping បានគូសបញ្ជាក់ថា ក្នុងឋានៈជាទីផ្សារងើបឡើងថ្មីដ៏សំខាន់ និងប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ប្រទេស BRICS ត្រូវតែហ៊ានទទួលខុសត្រូវ ហ៊ានធ្វើការជាក់ស្តែងដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមាន ដែលប្រកបដោយស្ថិរភាពនិងលក្ខណៈស្ថាបនាដល់ពិភពលោក។

លោកបានលើកឡើងថា ទី១ យើងគួរបញ្ចេញសម្លេងប្រកបដោយភាពយុត្តធម៌និងសច្ចភាព ជំរុញសហគមន៍អន្តរជាតិ អោយអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ គាំពាប្រព័ន្ធអន្តរជាតិដែលចាត់ទុក អង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុក ច្បាប់អន្តរជាតិជាមូលដ្ឋាន ហើយជំនួស «រង្វង់តូច» នៃអនុត្តរភាពនិយមដោយ «គ្រួសារធំ» នៃសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។

ទី២ យើងគួរពង្រឹងជំនឿចិត្តដែលយកឈ្នះលើ ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកាន់ខ្ជាប់អាកប្បាកិរិយាទទួលខុសត្រូវ ចំពោះប្រជាជននិងអាយុជីវិត ពង្រឹងរបាំងបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩។

ទី៣ យើងគួរប្រមូលផ្តុំកម្លាំងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ធានាឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់មានភាពរលូន កសាងសេដ្ឋកិច្ចសកលបែបបើកទូលាយ ដើម្បីសម្រេចកំណើនសេដ្ឋកិច្ចដែលកាន់តែប្រកបដោយភាពបរិយាប័ន្ននិងភាពធន់។

ទី៤ យើងគួរជំរុញការអភិវឌ្ឍជានិរន្តរភាព ប្រកាន់ខ្ជាប់ទស្សនៈដែលតម្កល់ប្រជាជនជាស្នូល បង្កើនការវិនិយោគលើ វិស័យកាត់បន្ថយភាពក្រីក្រ ស្បៀងអាហារ ការអប់រំនិងសុខាភិបាល ជំរុញការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសកល ដែលកាន់តែប្រកបដោយភាពខ្លាំងក្លា បៃតងនិងរឹងមាំ៕
វិទ្យុមិត្តភាពកម្ពុជាចិន