(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃសុក្រនេះបានបន្ទោសសហរដ្ឋអាមេរិក សម្រាប់ការហាមប្រាមរបស់ប្រទេសលីទុយអានី លើការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅ និងមកពីតំបន់កាលីនីនក្រាដ (Kaliningrad) ដែលបានបន្ថែមភាពតានតឹង ដែលកំពុងស្ថិតក្នុងកម្រិតខ្ពស់ ស្រាប់ទៅហើយនោះ រវាងទីក្រុងមូស្គូ និងលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងបរទេសរុស្ស៉ីបានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «អ្វីដែលហៅថា សមូហភាពលោកខាងលិច ជាមួយនឹងការណែនាំយ៉ាងជាក់ស្តែងពីសេតវិមាន បានដាក់បម្រាមលើការដឹកជញ្ជូនទំនិញជាច្រើនមុខតាមផ្លូវដែក ឆ្លងកាត់ តំបន់ Kaliningrad»។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «នេះជាសកម្មភាពមួយដែលបង្ហាញឲ្យឃើញពីជំហរអមិត្ត ពីសំណាក់សហរដ្ឋអាមេរិក មកកាន់រុស្ស៉ីដោយផ្ទាល់»។
លីទុយអានី ដែលសមាជិកសហភាពអឺរ៉ុបកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានចាប់ផ្តើមរារាំងការដឹកជញ្ជូនទំនិញរបស់រុស្ស៉ី ក្រោមទណ្ឌកម្មរបស់ EU ដែលទើបតែចូលជាធរមាន។ ទីក្រុងមូស្គូ ប្រកាសថ្កោលទោសចំពោះទង្វើនេះ ដោយហៅថា ជាការបិទផ្លូវរុស្ស៉ី និងបានសន្យាឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ ខណៈដែលប្រទេសលីទុយអានី បានអះអាងថា ខ្លួនត្រៀមរួចជាស្រេចហើយ ករណីដែលរុស្ស៉ីអាចនឹងកាត់ផ្តាច់បណ្តាញអគ្គិសនីក្នុងតំបន់។
គួរបញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់មន្រ្តីរុស្ស៉ី ការហាមប្រាមនេះ នឹងបញ្ឈប់ដំណើរការចរាចរណ៍ទំនិញពី ៣០% ទៅ៥០% ប៉ុន្តែចំពោះមុខបញ្ហានេះទីក្រុងមូស្គូ នឹងផ្លាស់ប្តូរការដឹកជញ្ជូនតាមនាវា ឆ្លងកាត់ច្រកសមុទ្របាល់ទិកវិញ៕