(គែរ)៖ ប្រភពការទូតបានឱ្យដឹងថា មហាក្សត្រនៃប្រទេសកាតា គឺព្រះអង្គម្ចាស់ តាមីម ប៊ីន ហាម៉ាត់ អាល់ ថានី (Tamim bin Hamad al-Thani) នឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៉ីប នាថ្ងៃសុក្រនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់ ទៅកាន់អេហ្ស៉ីប ចាប់តាំងពីអេហ្ស៉ីប និងកាតាបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន ដើម្បីបញ្ចប់ជម្លោះក្នុងតំបន់ ដែលអូសបន្លាយប៉ុន្មានឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។
ប្រភពខាងលើបានគូសបញ្ជាក់ថា ព្រះអង្គម្ចាស់ អាល់ ថានី ដែលបានបំពេញទស្សនកិច្ចលើកចុងក្រោយ នៅប្រទេសអេហ្ស៊ីប កាលពីឆ្នាំ២០១៥ នឹងជួបប្រជុំជាផ្លូវការជាមួយប្រធានាធិបតីអេហ្ស៉ីប លោក អាប់ឌែល ហ្វាតតា អាល់ស៉ីស៉ី (Abdel Fattah al-Sisi) នៅរដ្ឋធានីគែរ (Cairo) របស់អេហ្ស៉ីប នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ចាប់តាំងពីប្រទេសទាំងពីរ មានបញ្ហាវិវាទនឹងគ្នា ទ្រង់បានជួបជាមួយលោក Sisi ជាលើកដំបូង នៅឯកិច្ចប្រជុំកំពូលមួយ ក្នុងប្រទេសអ៉ីរ៉ាក់ កាលពីឆ្នាំ២០២១។ ទោះជាយ៉ាងណា ពាក់ព័ន្ធនឹងគម្រោងទស្សនកិច្ចនេះ គឺមិនទាន់មានការចេញមុខអត្ថាធិប្បាយ ពីសំណាក់អាជ្ញាធរកាតា នៅឡើយទេ។
គួរបញ្ជាក់ថា អេហ្ស៉ីប អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងបារ៉ែន បានផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា ចាប់តាំងពីឆ្នាំ២០១៧ មក ក្រោមការចោទប្រកាន់ថា កាតាផ្តល់ការគាំទ្រដល់ក្រុមភេរវករជ្រុលនិយម ប៉ុន្តែកាតាបានបដិសេធចំពោះ ការចោទប្រកាន់នេះ៕