(វ៉ាស៉ីនតោន)៖ ព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់ដែលនឹងផ្តល់សិទ្ធិអំណាចបន្ថែមដល់ រដ្ឋាភិបាលក្នុងការកំណត់ឱ្យរឹតបន្តឹង ការត្រួតពិនិត្យប្រវត្តិរូបសម្រាប់អ្នកដែលចង់ទិញកាំភ្លើង ក្នុងចំណោមបទប្បញ្ញត្តិផ្សេងៗទៀត ក្រោយពីមានករណីបាញ់ប្រហារទ្រង់ទ្រាយធំ ជាបន្តបន្ទាប់នៅឯសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។
ច្បាប់ថ្មីនេះ ត្រូវបានអនុម័តក្នុងការបោះឆ្នោតព្រឹទ្ធសភា ជាមួយសំឡេងគាំទ្រចំនួន ៦៥សំឡេង ទល់នឹងសំឡេងប្រឆាំង៣៣សំឡេង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពីសមាជិកគណបក្សសាធារណរដ្ឋ ចំនួន១៥នាក់ បានចូលរួមជាមួយសមាជិកទាំង៥០នាក់ នៃគណបក្សប្រជាធិបតេយ្យ នៅក្នុងព្រឹទ្ធសភា ដើម្បីគាំទ្រសេចក្តីព្រាងច្បាប់នេះ។
ក្រោយការបោះឆ្នោត ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «សេចក្តីព្រាងច្បាប់នេះ នឹងជួយការពារប្រជាជនអាមេរិក។ កូនក្មេងនៅតាមសាលារៀន ព្រមទាំងសហគមន៍ នឹងទទួលបាន សុវត្ថិភាពជាងមុន ដោយសារតែវា។ ខ្ញុំសូមឲ្យសភាតំណាងរាស្រ្តបោះឆ្នោតអនុម័លើ សេចក្តីព្រាងច្បាប់នេះជាបន្ទាន់ ហើយបញ្ជូនវាមកឱ្យខ្ញុំចុះហត្ថលេខា»។
គួរបញ្ជាក់ថា យ៉ាងណាក្តី ការអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងខាងលើធ្វើឡើង បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ដែលបានកំណត់ថា រដ្ឋាភិបាលប្រចាំបណ្តារដ្ឋនៅអាមេរិក មិនចាំបាច់តម្រូវឱ្យប្រជាជន ត្រូវមានហេតុផលពិសេស ដើម្បីកាន់អាវុធ នៅជាប់ខ្លួននោះឡើយ។ ការសម្រេចនេះ ធ្វើឱ្យបទប្បញ្ញត្តិយូរអង្វែងមកហើយ ស្តីពីការគ្រប់គ្រងកាំភ្លើងនៅរដ្ឋញូយ៉ក ត្រូវក្លាយជាមោឃៈ ហើយវាបានទទួលរងការថ្កោលទោសភ្លាមៗ ពីសំណាក់លោក បៃដិន និងបណ្តាសមាជិកគណបក្សប្រជាធិបតេយ្យ ដោយលោកប្រធានាធិបតី បានហៅថាជា «ការខកចិត្តយ៉ាងខ្លាំង»៕