Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីម៉ិកស៉ិក នឹងស្នើឱ្យលោក បៃដិន ពិនិត្យឡើងវិញលើសំណុំរឿង លោក Julian Assange (Video inside)

24-06-2022 13:44

(ម៉ិកស៉ីកូស៉ីធី)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) ក្នុងសប្តាហ៍នេះ បាននិយាយថា លោកគ្រោងស្នើឱ្យ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិនិត្យក៏ដូចជាពិចារណាឡើងវិញ ឱ្យបានហ្មត់ចត់ជុំវិញសំណុំរឿង ស្ថាបនិកវែបសាយទម្លាយការណ៍សម្ងាត់ WikiLeaks គឺលោក ជូលៀន អាសាង (Julian Assange) ហើយលោកក៏បានបន្ថែមដែរថា ម៉ិកស៉ិកបើកទ្វារស្វាគមន៍ ប្រសិនបើរូបលោកត្រូវបានគេដោះលែង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២។

លោកប្រធានាធិបតីម៉ិកស៉ិក បានលើកឡើងដូច្នេះថា «ខ្ញុំនឹងស្នើលោកប្រធានាធិបតី បៃដិន ឱ្យពិចារណាអំពីបញ្ហានេះ (សំណុំរឿងលោក Assange)។ ម៉ិកស៉ិកនឹងបើកទ្វារទទួលលោក Assange ប្រសិនបើលោកត្រូវបានដោះលែង»។ លោក Lopez Obrador នឹងត្រូវជួបជាមួយលោក បៃដិន នៅខែកក្កដា ខាងមុខ ក្រោយមិនទៅចូលរួម កិច្ចប្រជុំកំពូលទ្វីបអាមេរិក ដែលរៀបចំឡើង នៅទីក្រុង Los Angeles កាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ថា លោក Julian Assange ត្រូវអាជ្ញាធរអាមេរិកតាមចាប់ខ្លួន ក្រោមបទចោទប្រកាន់សរុបចំនួន១៨ករណី រួមមានទាំងបទល្មើសចារកម្មផងដែរ ពាក់ព័ន្ធនឹងឯកសារសម្ងាត់ជាច្រើន ស្តីពីកំណត់ហេតុយោធា និងសារឆ្លើយឆ្លងការទូតរបស់ រដ្ឋាភិបាលអាមេរិក ដែលត្រូវបានទម្លាយដោយវែបសាយ WikiLeaks។ កាលពីសប្តាហ៍មុន លោក Assange ត្រូវបានអង់គ្លេសយល់ព្រមធ្វើបត្យាប័នរូបលោក ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខការកាត់ទោស៕