(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញក្តីសង្ឃឹមថា កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែននឹងបន្តនាពេលខាងមុខដ៏ខ្លី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២។
លោក Amir-Abdollahian បានប្រាប់សន្និសីទសារព័ត៌មានរួមមួយតាមទូរទស្សន៍ ជាមួយសមភាគីរុស្ស៊ីដែលកំពុងធ្វើទស្សនកិច្ច លោក Sergei Lavrov ថា «ខ្ញុំសង្ឃឹមថាកិច្ចចរចានឹងបន្តឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពរួម (JCPOA)»។
លោកបានបន្ថែមថា «យើងបន្តនៅលើផ្លូវនៃការទូតដែលជាផ្លូវដ៏ត្រឹមត្រូវ ហើយជាថ្មីម្តងទៀតយើងនឹងអញ្ជើញអាមេរិកឱ្យមករកការពិត»។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក Donald Trump បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនេ ( JCPOA) ក្នុងខែឧសភា ឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញលើអ៊ីរ៉ង់៕