(ចូហានណេសប៊ឺក)៖ អាហ្រ្វិកខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ករណីដំបូងរបស់ខ្លួន នៃជំងឺអុតស្វាដោយចូលរួមជាមួយប្រទេសចំនួន ៤០ផ្សេងទៀតដែលបានកំណត់អត្តសញ្ញាណអ្នកឆ្លងជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋមន្ត្រីសុខាភិបាល លោក Joe Phaahla បានប្រាប់សន្និសីទសារព័ត៌មានថា «អ្នកជំងឺ (ខាងលើ) គឺជាបុរសវ័យ៣០ឆ្នាំមកពីទីក្រុង Johannesburg ដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅទេ ដែលនេះមានន័យថាវាមិនមែនករណីនាំចូលពីប្រទេសក្រៅទេ»។
រោគសញ្ញាដំបូង នៃជំងឺនេះជាធម្មតារួមមានគ្រុនក្តៅខ្លាំង ហើមកូនកណ្តុរ និងពងបែក កន្ទួលដូចជំងឺអុតស្វាយ។ ជំងឺនេះជាធម្មតាមានអាការៈស្រាល ហើយអ្នកជំងឺជាសះស្បើយឡើងវិញ បន្ទាប់ពីពីរ ឬបីសប្តាហ៍។
អង្គការសុខភាពពិភពលោកបាននិយាយកាលពីសប្តាហ៍មុនថា អឺរ៉ុបនៅតែជាចំណុចកណ្តាលនៃការផ្ទុះជំងឺអុតស្វាសកល។
ស្ថាប័នសុខភាពរបស់អង្គការសហប្រជាជាតិគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃព្រហស្បតិ៍នេះដើម្បីកំណត់ថា តើត្រូវចាត់ថ្នាក់ការរីករាលដាលនៃជំងឺអុតស្វាសកលជាការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិ៕