(តូក្យូ)៖ ប្រសិនបើ «សត្រូវរបស់សត្រូវយើង គឺជាមិត្តរបស់យើង ដូច្នេះថាតើវាមានន័យថា «សត្រូវរបស់មិត្តយើង គឺជាសត្រូវរបស់យើង» ដែរមែនឬទេ? វាមិនមែន ជារឿងត្រូវប្រកាន់ភ្ជាប់គ្រប់ពេលនោះទេ តែវាត្រូវមើលទៅលើប្រយោជន៍ជាមុនសិន។ រុស្ស៉ី និងចិនធ្លាប់ជាគូប្រជែងស៊ីសាច់ហុចឈាមដណ្ដើមគ្នាធ្វើជាមេដឹកនាំប្លុក កុម្មុយនិស្តពិភពលោក អំឡុងសម័យសង្រ្គាមត្រជាក់ តែនៅទីបំផុតទៅ ប្រទេសទាំង២ បែរក្លាយជាមិត្តនឹងគ្នា នៅពេលដែលពួកគេមើលឃើញថាសហរដ្ឋអាមេរិកជា «សត្រូវរួម»។
ចម្លើយសំណួរខាងលើកំពុងត្រូវបានលាតត្រដាងតាមរយៈសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយវាក៏ជាគោលជំហរ និងទស្សនៈវិស័យវែងឆ្ងាយដែលចិនប្រកាន់ភ្ជាប់ នោះគឺ «គ្មានមិត្តអមតៈ ហើយក៏គ្មានសត្រូវជារៀងរហូត តែយើងអាចនិយាយគ្នាបានបើមានប្រយោជន៍»។
រុស្ស៉ី ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ចិន តែអ៊ុយក្រែនក៏ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់ទីក្រុងប៉េកាំង ដែរ។ ចិនបានបង្ហាញការយល់ស្របចំពោះការព្រួយបារម្ភ និង ក្ដីកង្វល់សន្តិសុខជាតិរបស់រុស្ស៉ី ទៅនឹងការពង្រីកខ្លួននៃបក្សសម្ព័ន្ធយោធា NATO។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ប៉េកាំងក៏គាំទ្រផងដែរ ដល់គោលការណ៍ដែលថាស្វ័យភាព និងបូរណភាពទឹកដីនៃប្រជាជាតិទាំងអស់គួរតែត្រូវបានគោរព។ គោលជំហរអព្យាក្រឹតបែបនេះរបស់ចិន មិនមែនជាអ្វីដែលសហរដ្ឋអាមេរិក និងលោកខាងលិចចង់បាន នោះទេ តែអ្វីដែលគេមិនអាចប្រកែកបាន គឺវាជាគោលជំហរមួយដែលរុស្ស៉ី និងអ៊ុយក្រែន អាចទទួលយកបាន។
កាលពីថ្ងៃទី២ ខែមីនាកន្លងទៅ ចិនបានបោះឆ្នោតអនុបវាទលើដំណោះស្រាយថ្កោលទោសការឈ្លានពានលើអ៊ុយក្រែន ដោយទាហានរុស្ស៉ី នៅឯមហាសន្និបាត UN ហើយក្រៅតែពីចិន ប្រទេសចំនួន ៣៥ ក្នុងនោះរួមមាន ឥណ្ឌា អាហ្វ្រិកខាងត្បូង អ៉ីរ៉ង់ អ៉ីរ៉ាក់ និងវៀតណាមជាដើមក៏បានបោះឆ្នោតអនុបវាទដូចគ្នាដែរ។ ក្រោយមកទៀត នៅថ្ងៃទី១៧ ខែមេសា ប្រទេសដែលបានបោះឆ្នោតអនុបវាទលើដំណោះស្រាយព្យួរសមាជិកភាពរុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បានកើនដល់ ៥៨ប្រទេស បូកបន្ថែម ដូចជា កម្ពុជា ប្រេស៊ីល ម៉ិកស៉ិក ឥណ្ឌូណេស៊ី អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត។ ជាការពិតណាស់ នៅក្នុងការបោះឆ្នោតទាំង២លើកនេះ វាបានបង្ហាញថាប្រទេសភាគច្រើន គាំទ្រការថ្កោលទោស និងព្យួរសមាជិកភាពរុស្ស៉ី តែប្រជាជនសរុបនៃបណ្ដាប្រទេសដែលនៅក្នុង «ក្រុមបោះឆ្នោតអនុបវាទ» មានចំនួនដល់ជាងពាក់កណ្ដាលនៃប្រជាជន ពិភពលោកឯណោះ ហើយនៅពេលអនាគត ការបោះឆ្នោតអនុបវាទនេះអាចនឹងក្លាយជា «កម្លាំងថ្មីមួយ» ដែលកំពុងលេចត្រដែតឡើងលើឆាកនយោបាយអន្តរជាតិ នៅក្នុងយុគសម័យប្រកួតប្រជែងឥទ្ធិពលរវាងពួកកំពូលមហាអំណាច។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យបណ្ដាប្រទេសដែល «ស្រឡាញ់សេរីភាព និងប្រជាធិបតេយ្យ» រួបរួមគ្នាប្រឆាំងនឹងរុស្ស៉ី ជាមួយការពិពណ៌នាថា សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន គឺជាសង្រ្គាមរវាង «របបប្រជាធិបតេយ្យ និងរបបផ្ដាច់ការ», រវាងសេរីភាព និងការគាបសង្កត់, រវាងសណ្ដាប់ធ្នាប់ផ្អែកលើច្បាប់ជាមូលដ្ឋាន និងការគ្រប់គ្រងដោយប្រើហិង្សាសាហាវឃោរឃៅ។ ក៏ប៉ុន្តែ ក្រៅពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បណ្ដាប្រទេសដទៃដូចជានៅអាហ្វ្រិក អាស៊ី អាមេរិកឡាទីន និងតំបន់មជ្ឈិមបូព៌ា មិនបានគិតឃើញដូចអាមេរិកនោះទេ ដោយពួកគេយល់ថាសង្រ្គាមនៅអ៊ុយក្រែន មិនមែនជាសង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ នោះទេ តែវាជាសង្រ្គាមដើម្បីអំណាច និងភូមិសាស្ត្រនយោបាយតែប៉ុណ្ណោះ។ ជាឧទាហរណ៍ នៅក្នុងចំណោមប្រទេសចំនួន ១១១ ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុង «កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ» តាមប្រព័ន្ធវីដេអូរៀបចំឡើងដោយរដ្ឋបាលលោក ចូ បៃដិន កាលពីចុងឆ្នាំ២០២១កន្លងទៅ មាន ៩ ប្រទេសដូចជា អង់ហ្គោឡា អាមេនី ឥណ្ឌា អ៉ីរ៉ាក់ ម៉ុងហ្គោលី ណាមីបៀ ប៉ាគីស្ថាន សេណេហ្កាល់ និងអាហ្វ្រិកខាងត្បូង បានបោះឆ្នោតអនុបវាទលើដំណោះស្រាយ UN ថ្កោលទោសរុស្ស៉ី។
ជាងនេះទៅទៀត ប្រទេសចំនួន ២៧ នៅក្នុងចំណោមប្រទេសទាំង ១១១ខាងលើដដែល បានបោះឆ្នោតអនុបវាទដូចគ្នាលើដំណោះស្រាយព្យួរសមាជិកភាពរុស្ស៉ីពី ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN មានដូចជា ប្រេស៊ីល ឥណ្ឌា ឥណ្ឌូណេស៊ី អ៉ីរ៉ាក់ ម៉ិកស៊ីកូ អាហ្វ្រិកខាងត្បូង នេប៉ាល់ ហ្កាណា អង់ហ្គោឡា បេលីស បុតស្វាណា និងកេនយ៉ា ជាដើម។ វាមានហេតុផលជាច្រើនដែលនៅពីក្រោយការបោះឆ្នោតអនុបវាទទាំងនេះ ក្នុងនោះមានទាំងបញ្ហាសន្តិសុខជាតិ ប្រយោជន៍ជាតិនៃប្រទេសនីមួយៗ និងកំហុស ដែលលោកខាងលិចខ្លួនឯងជាអ្នកបង្កឡើងរាប់ទសវត្សរ៍មកនេះ តួយ៉ាងសង្រ្គាមនៅអ៉ីរ៉ាក់ លីប៊ី ស៊ីរី និងអាហ្វហ្កានីស្ថាន ព្រមទាំងស្ដង់ដារនៃសិទ្ធិមនុស្សដូចជារបៀបទទួល យកជនភៀសខ្លួនអ៊ុយក្រែន និងជនភៀសខ្លួនពីសង្រ្គាមមកពីមជ្ឈិមបូព៌ា។
និយាយពីរឿងប្រយោជន៍ជាតិ គេអាចមើលឥណ្ឌា ជាឧទាហរណ៍បាន។ ឥណ្ឌា មានការព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខជាតិ ពីព្រោះថាទំនាក់ទំនងជាមួយរុស្ស៉ី គឺជាផ្នែក មួយនៃគោលនយោបាយធានារ៉ាប់រងរបស់ទីក្រុងញូដេលី ក្នុងការរក្សាតុល្យភាពអំណាចជាមួយចិន ហើយម្យ៉ាងវិញទៀត អាវុធដែលឥណ្ឌាប្រើប្រាស់សព្វថ្ងៃភាគច្រើនក៏ ទិញពីរុស្ស៉ីផងដែរ។ ចំណែកឯ នៅក្នុងចំណោមប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាមេរិកឡាទីន ពួកគេមិនសប្បាយចិត្តរាប់ឆ្នាំមកហើយចំពោះ ការមិនអើពើពីសំណាក់អឺរ៉ុប រហូតដល់មានរឿងទើបងាកមករកពួកគេវិញ រហូតដល់ពួកគេខ្លះទៀត ក៏គិតដែរថាការពង្រីកឥទ្ធិពលរបស់លោកខាងលិច និង NATO ទៅក្បែរមាត់ទ្វារផ្ទះរុស្ស៉ី គឺជាមូលហេតុចម្បងធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។
គួរបញ្ជាក់ថា តាមរយៈសង្រ្គាមនៅអ៊ុយក្រែន ការជ្រើសរើសយកការបោះឆ្នោតអនុបវាទ ឬអព្យាក្រឹត បានក្លាយជាជម្រើសដ៏ពេញនិយម ពោលគឺស្រដៀគ្នាទៅនឹងចលនា មិនចូលបក្សសម្ព័ន្ធ ដែលបានបដិសេធជ្រើសរើសសហរដ្ឋអាមេរិក ឬអតីតសហភាពសូវៀត អំឡុងសម័យសង្រ្គាមត្រជាក់ ហើយទៅថ្ងៃមុខ វាអាចនឹងកាន់តែមាន ប្រជាប្រិយភាព នៅពេលគេនិយាយដល់ភាពតានតឹង និងជម្លោះរវាងចិន និងសហរដ្ឋអាមេរិកផ្ទុះឡើងនៅថ្ងៃណាមួយ៕