(ប៉េកាំង)៖ ស្របនឹងការវិវឌ្ឍរីកចម្រើននៃយុគសម័យការជួញដូរ និងការទូទាត់ក៏បានវិវត្តន៍ពីដំណាក់កាល «យករបស់ដូររបស់» ដល់ការទូទាត់ដោយសាច់ប្រាក់ ប័ណ្ណធនាគារ និងចុងក្រោយនេះគឺឧបករណ៍ចល័តពិសេសគឺទូរស័ព្ទចល័ត។
អំណាចទិញរបស់ប្រជាជនជាកត្តាដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីកម្រិតជីវភាពរបស់ប្រជាជន។ ប្រសិនជាប្រជាជនគ្មានលទ្ធភាពប្រើប្រាស់ នោះទីផ្សារនឹងទន់ខ្សោយ ហើយសេដ្ឋកិច្ចជាតិក៏នឹងចុះខ្សោយផងដែរ។
អាស្រ័យហេតុនេះ ការលើកកម្ពស់អំណាចទិញរបស់ប្រជាជនគឺជាធាតុផ្សំដ៏សំខាន់មួយ នៃគោលនយោបាយរំញោចសេដ្ឋកិច្ចជាតិ។ យ៉ាងណាមិញ និយាយចំពោះប្រទេសចិនដែលមានចំនួនប្រជាជន ១.៤០០ លាននាក់ ប្រសិនបើអំណាចទិញរបស់ប្រជាជន មានសន្ទុះខ្លាំង នោះទីផ្សារចិននឹងប្រកបដោយសុទិដ្ឋិនិយម តែផ្ទុយទៅវិញ ប្រសិនជាអំណាចទិញទន់ខ្សោយ ទីផ្សារដ៏ធំនឹងហាក់ដូចជាឃ្លោក ដែលធំតែមាឌតែប្រហោងក្នុង។
ជាក់ស្តែង ប្រទេសចិនបានក្តាប់ជាប់ឧត្តមភាពខាងទ្រង់ទ្រាយទីផ្សាររបស់ខ្លួន ដោយខិតខំជំរុញ និងលើកកម្ពស់កម្រិតប្រើប្រាស់ របស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ ហើយវិធីទូទាត់ក៏កាន់តែមានភាពងាយស្រួល ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
ស្របនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា ការទូទាត់តាមប្រព័ន្ធឌីជីថលរបស់ចិន បានប្រសូត្រឡើងដែលជាកិច្ចសម្រួលសម្រាប់ ការទិញទំនិញតាមអនឡាញនៅដើមទសវត្សរ៍ឆ្នាំ ៩០នៃសតវត្សរ៍មុន ហើយការទូទាត់ដោយឆូតប័ណ្ណធនាគារ បានជំនួសឱ្យការទូទាត់ដោយសាច់ប្រាក់ជាបណ្តើរៗ។ លុះដល់ឆ្នាំ ២០០៨ ការទិញទំនិញតាមអនឡាញនៅប្រទេសចិន ផ្តើមមានសន្ទុះកើនឡើងយ៉ាងគំហុក ប្រជាពលរដ្ឋទទួលបានភាពងាយស្រួលពីការទិញទំនិញតាមអនឡាញ និងការដឹកទំនិញរហ័សដល់ផ្ទះ ទម្លាប់នៃការទិញទំនិញរបស់ប្រជាជនចិន ពិសេសគឺយុវជនបានផ្លាស់ប្តូរជាបណ្តើរៗ ពីការទិញទំនិញតាមហាងនិងតាមផ្សារ មកជាការទិញទំនិញតាមអនឡាញ។
ប៉ុន្តែនិយាយចំពោះមនុស្សវ័យជរាដែលមិនសូវចេះប្រើកុំព្យូទ័រ ការទូទាត់តាមបណ្តាញអ៊ីនធើណិត មិនបាននាំមកនូវភាពងាយស្រួលប៉ុន្មាន ជូនពួកគាត់នោះទេ ដូច្នេះសម្ព័ន្ធធនាគារចិននិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំៗរបស់ចិន បានសហការគ្នាបង្កើតនូវកម្មវិធីទូទាត់តាមឧបករណ៍ចល័ត ពិសេសគឺទូរស័ព្ទចល័តដែលបានផ្តល់ ភាពងាយស្រួលក្នុងការទូទាត់សម្រាប់មនុស្សគ្រប់វ័យ។
ស្របនឹងការពេញនិយមកាន់តែខ្លាំងឡើងៗចំពោះការទូទាត់តាមឧបករណ៍ចល័ត ហើយបានក្លាយទៅជាទម្លាប់ទូទាត់ថ្មី របស់ប្រជាជនទូទាំងប្រទេស គេសង្កេតឃើញថានៅគ្រប់ទីកន្លែងទូទាំងប្រទេសចិន មិនថាទីក្រុងទំនើបឬទីជនបទដាច់ស្រយាល មិនថាការបរិភោគអាហារនៅភោជនីយដ្ឋានធំៗ ឬហាងបាយតូចៗ មិនថាការទិញអីវ៉ាន់នៅផ្សារទំនើបធំៗឬនៅតាមផ្សារបន្លែតូចៗ ឬតូបលក់តាមផ្ទះក្តី ការទូទាត់តាមរយៈការស្កន QR កូដគឺជារឿងដ៏សាមញ្ញនិងជាទូទៅ។ អាស្រ័យហេតុនេះ ជនជាតិចិននិយាយថា «នៅក្នុងប្រទេសចិន មិនថាធ្វើដំណើរទៅទីណាក្តី ឱ្យតែមានទូរស័ព្ទចល័តមួយក៏គ្រប់គ្រាន់ហើយ មិនបាច់យកលុយកាក់អីជាប់ខ្លួននោះទេ»។
យុគសម័យបានវិវត្តន៍ទៅមុខឥតឈប់ឈរ ការអភិវឌ្ឍនៃប្រទេសនីមួយៗក៏ត្រូវបត់បែន ទៅតាមចរន្តនៃយុគសម័យដែរ កម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ចប្រពៃណីបានចុះខ្សោយបន្តិចម្តងៗ ជាហេតុជំរុញឱ្យបណ្តាប្រទេសនានាលើពិភពលោក ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាជម្រើសថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងយុគសម័យនេះ។
តាមទិន្នន័យស្ថិតិឱ្យដឹងថា បច្ចុប្បន្នទៅទូទាំងប្រទេសចិនមាន អ្នកប្រើប្រាស់ការទូទាត់តាមឧបករណ៍ចល័ត រហូតដល់ជិត ៩០០ លាននាក់ ដែលមានទំហំលើសពី ៤០០ទី្រលានយាន់ប្រាក់ចិនក្នុងមួយឆ្នាំ បានរួមចំណែកយ៉ាងច្រើនដល់ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕
កាលពីអតីតកាល កសិផលនិងផលិតផលនៅតំបន់ជនបទដាច់ស្រយាលរបស់ប្រទេសចិន ពិបាកក្នុងការដាក់លក់ក្នុងទីផ្សារ ដោយសារតែបញ្ហាលំបាកក្នុងការដឹកជញ្ជូននិងមិនសូវមានគេស្គាល់ ហើយត្រូវស្តុកទុករហូតដល់ខូចគុណភាព។ ប៉ុន្តែបន្ទាប់ពីការវិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន ការទិញទំនិញតាមអនឡាញមានប្រជាប្រិយភាពយ៉ាងខ្លាំង ប្រជាកសិករនៅទីជនបទឆ្ងាយៗ អាចផ្សាយផ្ទាល់លក់ផលិតផលរបស់ខ្លួន ហើយទូទាត់តាមប្រព័ន្ធទូទាត់ចល័ត កសិផលនិងផលិតផលថ្មីៗនិងស្រស់ៗ របស់ប្រជាកសិករបានលក់ទៅគ្រប់ទីតំបន់ នៅទូទាំងប្រទេស ដែលបានបង្កើនប្រាក់ចំណូលរបស់ពួកគាត់ ឱ្យមានជីវភាពសមរម្យ។
ការជំរុញឱ្យផលិតផលកសិកម្មមានទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករជា គោលនយោបាយពង្រឹង សមិទ្ធផលលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិន ពោលគឺធ្វើឱ្យកសិករអាចដាំដុះដំណាំ ដោយពុំមានការព្រួយបារម្ភ ពីរឿងគ្មានទីផ្សារ ដែលប្រការនេះបានរួមចំណែកដល់ការស្តារអភិវឌ្ឍន៍ជនបទ ហើយក្នុងនោះ ការទូទាត់តាមឧបករណ៍ចល័ត បានដើរតួនាទីជាភ្នាក់ងារសំខាន់នៃការតភ្ជាប់ ការជួញដូរផលិតផលរវាងទីក្រុងនិងជនបទ។
និយាយពីផ្នែកមួយទៀត ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទដាច់ស្រយាល ក៏អាចរកទិញបានសម្ភារៈទំនើបតាមអនឡាញ ដោយមានការដឹកជញ្ជូនរហ័សដល់ផ្ទះ ដែលសម្រួលដល់ជីវភាពរបស់ពួកគាត់ ដោយមិនបាច់ធ្វើដំណើរផ្លូវឆ្ងាយទៅទិញ និងដឹកជញ្ជូនអីវ៉ាន់ដោយខ្លួនឯងនោះឡើយ។
តាមទិន្នន័យស្ថិតិឱ្យដឹងថា បច្ចុប្បន្នទៅទូទាំងប្រទេសចិនមានអ្នកប្រើប្រាស់ការទូទាត់តាមឧបករណ៍ចល័តរហូតដល់ជិត ៩០០ លាននាក់ ដែលមានទំហំលើសពី ៤០០ ទី្រលានយាន់ប្រាក់ចិនក្នុងមួយឆ្នាំ បានរួមចំណែកយ៉ាងច្រើនដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
ជាការពិតណាស់ ក្នុងបរិបទកូវីដ ការទូទាត់តាមឧបករណ៍ចល័តបានដើរតួនាទីកាន់តែសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន ពោលគឺការទូទាត់បែបនេះ បានចំណេញពេលច្រើនដោយមិនបាច់រង់ចាំ ការអាប់លុយនិងកាត់បន្ថយយ៉ាងច្រើននូវការប៉ះពាល់គ្នា ក្នុងពេលទូទាត់ដោយសាច់ប្រាក់ អាចនិយាយបានថា បច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូរបែបផែនរស់នៅ របស់ប្រជាជនចិន និងផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងបានបង្រួញគម្លាតរវាងប្រជាជននៅទីក្រុងនិងជនបទ ដើម្បីឆ្ពោះទៅរកវិបុលភាពរួម ដែលជាទិសដៅការងារជាតិរយៈពេលវែង៕
អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន