(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក គីម ស៊ុង ហាន (Kim Sung-han) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា កូរ៉េខាងត្បូងគ្រោងនឹងបង្កើតបេសកកម្មការទូតមួយ ប្រចាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុងព្រុចសែល (Brussels) នៃប្រទេសបែលហ្ស៉ិក ខណៈដែលទីក្រុងសេអ៊ូលកំពុងប្រឹងប្រែងពង្រឹង ភាពជាដៃគូរបស់ខ្លួនជាមួយអង្គការ NATO និងដើរតួនាទីកាន់តែធំ នៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មាន អំពីការចូលរួមដែលបានគ្រោងទុក របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល (Yoon Suk-yeol) នៅក្នុងកិច្ចប្រជុំអង្គការ NATO នាចុងខែមិថុនានេះ, លោក Kim Sung-han បានគូសបញ្ជាក់ថា ទីក្រុងសេអ៊ូលនឹងស្វែងរក ការពង្រឹងទំនាក់ទំនងជាមួយសមាជិក NATO នៅចំពោះមុខ «ស្ថានភាពអន្តរជាតិ ដែលមិនអាចទាយទុកជាមុនបាន»។
លោក Kim បានបន្ថែមថា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនោះ កូរ៉េខាងត្បូងកំពុងពិភាក្សាជាមួយអង្គការ NATO អំពីការចែករំលែកព័ត៌មាន ការធ្វើសមយុទ្ធរួមគ្នា និងការស្រាវជ្រាវរួមគ្នា ដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដែលកំពុងកើតមាន។
មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាកិច្ចប្រជុំនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមិថុនាខាងមុខ នៅទីក្រុង ម៉ាឌ្រីដ (Madrid) នៃប្រទេសអេស៉្បាញ ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើវិបត្តិអ៊ុយក្រែនក៏ដោយ ក៏លោក Yoon Suk-yeol គ្រោងនឹងជំរុញឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថា លោក Yoon Suk-yeol ដែលត្រូវបានស្បងចូលកាន់តំណែងជា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែឧសភាកន្លងទៅនេះ បាននិយាយថា គោលដៅគោលនយោបាយការបរទេសចម្បងរបស់លោក គឺធ្វើឱ្យកូរ៉េខាងត្បូងក្លាយជា «រដ្ឋដ៏សំខាន់មួយរបស់សកលលោក» ដោយផ្តោតលើការលើកកម្ពស់សិទ្ធិសេរីភាព សន្តិភាព និងវិបុលភាព ដោយផ្អែកលើតម្លៃប្រជាធិបតេយ្យសេរីរបស់ខ្លួន៕