(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីនាំចូលដំបូងរបស់ខ្លួន នៃជំងឺអុតស្វាកាលពីថ្ងៃពុធ ដែលក្លាយជាប្រទេសចុងក្រោយបង្អស់ក្នុងចំណោម ៤០ប្រទេស ហើយជាករណីដំបូងគេនៅអាស៊ីបូព៌ា ដែលបានកំណត់អត្តសញ្ញាណជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។
យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េបានឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូងម្នាក់ដែលមានអាយុ៣០ឆ្នាំ ដែលបានមកដល់ពីប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារត្រូវបានបញ្ជាក់ថាបានកើតជំងឺនេះ។
លោក Peck Kyong-ran ប្រធានទីភ្នាក់ងារគ្រប់គ្រងជំងឺបានប្រាប់អ្នកយកព័ត៌មានថា អ្នកជំងឺដែលត្រូវបានគេកំណត់អត្តសញ្ញាណនោះ បានកើតគ្រុនក្តៅកាលពីចុងសប្តាហ៍មុន ហើយរោគសញ្ញាកាន់តែអាក្រក់ទៅៗ រួមមានអស់កម្លាំង និងកន្ទួលលើស្បែកនៅពេលពួកគេមកដល់ប្រទេស។
លោក Peck បន្ថែមថា អ្នកជំងឺបានរាយការណ៍ទៅអាជ្ញាធរនៅអាកាសយានដ្ឋាន មុនពេលគាត់បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកដទៃ ហើយឥឡូវនេះកំពុងទទួលការព្យាបាល៕