Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: អាហ្វហ្គានីស្ថាន៖ ចំនួនអ្នកស្លាប់កើនដល់ ១,០០០នាក់ និងរបួសជាង ១,៥០០នាក់ ក្នុងគ្រោះរញ្ជួយដីដ៏អាក្រក់មួយ

22-06-2022 19:07

(កាប៊ុល)៖ មន្ត្រីតាលីបង់ម្នាក់បានប្រាប់សារព័ត៌មាន BBC ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើនដល់១,០០០នាក់ និងរាប់រយនាក់រងរបួសធ្ងន់ និងស្រាល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។

មេដឹកនាំតាលីបង់ លោក Hibatullah Akhundzada បាននិយាយថា ផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ ហើយចំនួនអ្នកស្លាប់ទំនងជាអាចនឹងកើនឡើងបន្ថែមទៀត។

វាគឺជាគ្រោះរញ្ជួយដីដ៏សាហាវបំផុត ដែលបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពីរទសវត្សរ៍។

ប្រធានព័ត៌មានខេត្ត Paktika លោក Mohammad Amin Hazfi បានប្រាប់ BBC ថា មនុស្ស ១,០០០ នាក់បានស្លាប់ និងជាង ១,៥០០នាក់ផ្សេងទៀតរងរបួស ។

យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនោះ ស្ថិតនៅចម្ងាយប្រហែល ៤៤គីឡូម៉េត្រពីទីក្រុង ខូស (Khost) នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន ក្បែរព្រំប្រទល់ជាមួយប្រទេសប៉ាគីស្ថាន ហើយវាមានជម្រៅ ៥១គីឡូម៉ែត្រក្រោមផ្ទៃដី។ ភាគច្រើននៃចំនួនជនរងគ្រោះ និងការបំផ្លិចបំផ្លាញ ត្រូវបានរាយការណ៍ចេញពីខេត្ត ប៉ាក់ទីកា (Paktika) ប៉ុន្តែខេត្តក្បែរខាងដូចជា ណានហ្កាហារ (Nangarhar) និង ខូស (Khost) ក៏មានមនុស្សស្លាប់និងរបួស ព្រមទាំងរងការខូចខាតដូចគ្នាផងដែរ។

គួរបញ្ជាក់ថា ខណៈមនុស្សស្លាប់និងរបួស ក៏ដូចជាការបំផ្លិចបំផ្លាញ ត្រូវបានរាយការណ៍នៅអាហ្វហ្កានីស្ថាន គេហាក់មិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាត ដែលបង្កឡើងពីគ្រោះរញ្ជួយដីកម្រិតធ្ងន់នោះ នៅខាងប៉ាគីស្ថាននៅឡើយទេ៕