(ប៉េកាំង)៖ សកម្មភាពពាក់ព័ន្ធមួយចំនួននៃយន្តការសហប្រតិបត្តិការប្រទេស BRICS នឹងចាប់ផ្តើមធ្វើឡើងនៅទីក្រុងប៉េកាំង ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនានេះ។
ប្រយោគបុរាណចិនបានលើកឡើងថា៖ អ្នកមានឆន្ទៈដូចគ្នាទោះនៅឆ្ងាយពីគ្នាយ៉ាងណា ក៏ដូចជានៅជិតគ្នា។ ពីខែមិថុនា ឆ្នាំ២០០៦ ដល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការប្រទេស BRICS បានបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ។ ច្រើនឆ្នាំកន្លងមក លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមមួយចំនួន ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម និងគុណតម្លៃរួមរបស់មនុស្សជាតិ៖
* «ប្រទេសនានាលើពិភពលោកបានជិះលើនាវាធំមួយ និងរួមវាសនាតែមួយ ប្រសិនបើចង់ឆ្លងកាត់សមុទ្រ ដែលមានរលកបោកបក់ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ងទម្លាក់នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ។»
* «យើងគួរប្រកាន់ខ្ជាប់ទស្សនៈអភិបាលកិច្ចសកល ដែលពិភាក្សារួមគ្នាកសាងរួមគ្នា និងចែករំលែកគ្នា កិច្ចការសកលគួរធ្វើតាមគំនិតឯកភាព ដែលពិគ្រោះពិភាក្សាដោយប្រជាជននៃបណ្តាប្រទេស ដើម្បីជំរុញអធិបតេយ្យភាវូបនីយកម្មនៃច្បាប់អភិបាលកិច្ចសកល។»
* «គ្រប់ប្រទេសមានការអភិវឌ្ឍរួម ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ អ្នកទាំងអស់គ្នាមានវិបុលភាពរួម ទើបជាវិបុលភាពដ៏ពិតប្រាកដ។»
* «លើមាគ៌ាស្វែងរកសុភមង្គលរបស់មនុស្សជាតិ មិនអាចបោះបាត់បង់ចោលប្រទេសណាមួយឬជនជាតិណាមួយនោះទេ។»
ស្ថាប័នអន្តរជាតិបែបថ្មីដូចជាធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេស BRICS ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាដើមបានត្រូវបង្កើតឡើងជាបណ្តើរៗ ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» កំពុងទទួលបានផលយ៉ាងច្រើន ប្រទេសចិនបានរួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើតវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រីកទំហំ «នំខេក» ដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះដោយឥតឈប់ឈរ។
គួរបញ្ជាក់ថា ពីដើមឆ្នាំ២០២២មក ប្រទេសចិននិងសមាជិកប្រទេស BRICS ផ្សេងទៀតបានបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែស៊ីជ្រៅ ទំហំនាំចេញនាំចូលបន្តកើនឡើង។ រយៈពេល ៥ខែដើម ការនាំចេញនាំចូល រវាងចិននិងសមាជិកប្រទេស BRICS ផ្សេងទៀតគឺ ១,៣១ ទ្រីលានយាន់ បានកើនឡើង ១២,១% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំទៅ ខណៈធៀបនឹងល្បឿនកំណើននៃពាណិជ្ជកម្មអន្តរជាតិរបស់ចិន គឺខ្ពស់ជាង ៣,៨%។
បើចែកជាប្រភេទផលិតផលពាណិជ្ជកម្មនាំចេញនាំចូលសំខាន់ៗ ឱ្យដឹងថា៖ ទំហំនាំចេញផលិតផលអេឡិចត្រូនិក និងផលិតផលអតិពលកម្មត្រូវជា ៦៩,៧% នៃទំហំនាំចេញសរុបពីប្រទេសចិនទៅប្រទេស BRICS ផ្សេងទៀត, ឯ ៧៦.៣% នៃទំហំនាំចូលសរុបរបស់ចិនពីប្រទេស BRICS ផ្សេងទៀត គឺផលិតផលថាមពល កសិផល និងរ៉ែលោហៈ ពោលគឺពាណិជ្ជកម្មទ្វេភាគី មានភាពបំពេញបន្ថែមគ្នាខ្លាំង។ ស្របនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេស BRICS កាន់តែស៊ីជម្រៅ ការនាំចេញនាំចូលរវាងចិននិងប្រទេស BRICS ផ្សេងទៀត មានសង្ឃឹមបន្តកើនឡើងទៀតក្នុងឆ្នាំនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន