(ប៉េកាំង)៖ មុននេះមិនជាយូរប៉ុន្មាន លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយពាក់ព័ន្ធប្រទេសចិន នៅសមាគមអាស៊ីនៃធនាគារគំនិតអាមេរិក ដោយបានឃោសនាបំប៉ោងពីគោលនយោបាយទាំងក្នុង និងក្រៅប្រទេសរបស់អាមេរិក ដូចជាការគំរាមកំហែងរបស់ចិន ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននិងមួលបង្កាច់ ប្រទេសចិនជាដើម។

យ៉ាងណាមិញ មិនថាសហរដ្ឋអាមេរិកឃោសនាបំប៉ោងយ៉ាងណាក្តី ក៏វាសុទ្ធតែពិបាកនឹងលាក់បាំងចេតនាពិតរបស់ខ្លួន ដែលប៉ុនប៉ងទប់ស្កាត់និងគាបសង្កត់ដោយគ្រប់ជ្រុងជ្រោយ ចំពោះការអភិវឌ្ឍរបស់ប្រទេសចិន។ កាលពីយប់ថ្ងៃទី ១៩ ខែមិថុនា ក្រសួងការបរទេសចិនបានចេញផ្សាយអត្ថបទវែងមួយក្រោមចំណងជើងថា «ពាក្យសម្តីខុសទំនងនិងការពិតជាក់ស្តែង ក្នុងការយល់ដឹងចំពោះប្រទេសចិនរបស់អាមេរិក» អត្ថបទនេះប្រើប្រាស់ការពិតនិងទិន្នន័យជាច្រើន ក្នុងន័យលាតត្រដាងទៅកាន់ពិភពលោកនូវភាពបោកបញ្ឆោត ភាពលាក់ពុតនិងផលវិបាកនៃគោលនយោបាយ ពាក់ព័ន្ធប្រទេសចិនរបស់អាមេរិក។

គួររំលឹកថា តើអ្នកណាបាននិងកំពុងបំផ្លិចបំផ្លាញ ដល់សណ្តាប់ធ្នាប់អន្តរជាតិ? តើអ្នកណាបាននិងកំពុងងប់ងល់នឹង «ការទូតបែបគំរាមកំហែង»? តើអ្នកណាបាននិងកំពុងរំលោភសិទ្ធិមនុស្សនៅគ្រប់ទីកន្លែង? ហើយតើអ្នកណាលួចស្តាប់ នៅទូទាំងពិភពលោក ក្នុងរយៈពេលយូរ? ទាក់ទិននឹងរឿងនេះ អត្ថបទវែងនេះបានរៀបរាប់ពីពាក្យសម្តីខុសទំនងចំនួន២១ នៃគោលនយោបាយពាក់ព័ន្ធប្រទេសចិនរបស់អាមេរិក ព្រមទាំងបានប្រើការពិតនិងទិន្នន័យលម្អិត ដើម្បីធ្វើឱ្យពិភពលោកមើលឱ្យបានច្បាស់ថា បើនិយាយដល់ប្រភពបង្កភាពវឹកវរធំបំផុត នៃរបៀបរៀបរយពិភពលោក អ្នករំលោភសិទ្ធិមនុស្សដ៏ធំបំផុតនៅលើពិភពលោកនិង «ប្រទេសពួក Hacker ដ៏ធំបំផុតនៅទូទាំងពិភពលោក»។ល។ ចម្លើយគឺ សហរដ្ឋអាមេរិកហ្នឹងឯង។

ក្នុងនោះ អ្វីដែលហៅថា «ប្រទេសចិនបង្កជាបញ្ហាប្រឈមដ៏តឹងរ៉ឹងបំផុត ក្នុងរយៈពេលយូរចំពោះសណ្តាប់ធ្នាប់អន្តរជាតិ» ដែលបានប្រឌិតដោយអ្នកនយោបាយអាមេរិក គឺជាពាក្យភូតកុហកដ៏អាក្រក់បំផុតមួយ រីឯពាក្យសម្តីដែលថា «អាមេរិកគាំពារច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងអន្តរជាតិ គោលការណ៍អន្តរជាតិនិងអង្គការអន្តរជាតិ» ពោលគឺ និយាយប្រែសឱ្យទៅជាខ្មៅទាំងស្រុង។

សូមបញ្ជាក់ថា ក្នុងនាមជារដ្ឋសមាជិកមួយ ក្នុងចំណោមស្ថាបនិករបស់អង្គការសហប្រជាជាតិ ប្រទេសចិនជាប្រទេសផ្តល់ប្រាក់ទុនធំទីពីរ ដល់សកម្មភាពរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិនិងជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចាត់បញ្ជូនបុគ្គលិករក្សាសន្តិភាពច្រើនបំផុត។ ពីការលើកឡើងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដល់ការលើកឡើងនូវគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍជាសកល និងគំនិតផ្តួចផ្តើមសន្តិសុខជាសកល ប្រទេសចិនបាននិងកំពុងខំប្រឹងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាជាច្រើនដែលពិភពលោក កំពុងប្រឈមមុខជាប់រហូតមក ក៏ដូចជាគាំពារយ៉ាងមុតមាំនូវសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

ក្រឡេកមកមើលសហរដ្ឋអាមេរិកវិញ ក្នុងនាមជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រតែជាង ២៤០ ឆ្នាំ សង្គ្រាមដែលអាមេរិកបានបង្កឡើង និងចូលរួមមានដល់ទៅជាង ២០០លើក។ គ្រាន់តែក្នុងចន្លោះពីបញ្ចប់ សង្គ្រាមលោកលើកទីពីរ កាលពីឆ្នាំ១៩៤៥ ដល់ឆ្នាំ ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយកម្លាំងអាវុធចំនួន ២៤៨លើកក្នុងតំបន់ចំនួន ១៥៣ នៅលើពិភពលោក អាមេរិកក៏បានបំផុសចំនួន ២០១លើក។ មិនបាច់សង្ស័យឡើយ អាមេរិកគឺជាប្រទេសដែលនិយមធ្វើសង្គ្រាមបំផុត នៅលើពិភពលោក។

លើសពីនេះទៅទៀត «ពហុភាគីនិយមក្លែងក្លាយ» របស់សហរដ្ឋអាមេរិកក៏បានលូកបាតដៃខ្មៅ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកទៀត ដែលបានបង្កើតនូវអ្វីដែលហៅថា «ក្របខណ្ឌស្តីពីសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក» ប៉ុនប៉ងបង្កើតជាក្បួនច្បាប់ពាណិជ្ជកម្ម ដែលដឹកនាំដោយអាមេរិក ដើម្បីបង្ខំឱ្យប្រទេសក្នុងតំបន់ផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន។ ក្របខណ្ឌនេះដែលកំណត់លើ មូលដ្ឋាននៃការស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិក បានបង្កជាការរាំងស្ទះដល់ ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩។
ដូច្នេះ អាចឃើញថា សហរដ្ឋអាមេរិកនិយាយតែមាត់ថា «គាំពារសណ្តាប់ធ្នាប់អន្តរជាតិ និងការអភិវឌ្ឍដោយសុខសន្តិភាព» ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់អាមេរិក បែរជាបានធ្វើផ្ទុយនឹងការបង្ហាញអាកប្បកិរិយារបស់ខ្លួន។ មិនថា សហរដ្ឋអាមេរិកឃោសនាបំប៉ោង យ៉ាងណាក្តី ក៏នៅតែមិនអាចបិទបាំងការប៉ុនប៉ងដ៏អាក្រក់របស់ខ្លួន ដែលចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិន និងបណ្តាលឱ្យប្រជាជននៅលើពិភពលោក បង់តម្លៃចំពោះ «អនុត្តរភាពបែបអាមេរិក»
វិទ្យុមិត្តភាពកម្ពុជាចិន