(កាប៊ុល)៖ អាជ្ញាធរតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន បានឱ្យដឹងថា មនុស្សកើនដល់យ៉ាងហោច ៩២០នាក់ បានបាត់បង់ជីវិត និងយ៉ាងតិចជាង ៦០០នាក់ បានទទួលរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ បានវាយប្រហារចំអាហ្វហ្កានីស្ថាន កាលពីវេលាទាបភ្លឺថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។
តួលេខជនរងគ្រោះខាងលើ ត្រូវបានប្រកាសដោយ អនុរដ្ឋមន្រ្តីនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋាភិបាលតាលីបង់ គឺលោក ម៉ាឡាវី សាហ៊្វូឌីង មូស្លីម (Mawlavi Sharfuddin Muslim) កំលុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃពុធនេះ។ បើតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់តាលីបង់ បាក់តា (Bakhtar) តួលេខជនរងគ្រោះ ទំនងជានឹងបន្តកើនឡើងកាន់តែខ្ពស់ថែមទៀត ស្របពេលដែលក្រុមសង្រ្គោះ កំពុងបន្តធ្វើការនៅតាមតំបន់ ដែលបានទទួលរងការប៉ះពាល់។
យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនោះ ស្ថិតនៅចម្ងាយប្រហែល ៤៤គីឡូម៉េត្រពីទីក្រុង ខូស (Khost) នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន ក្បែរព្រំប្រទល់ជាមួយប្រទេសប៉ាគីស្ថាន ហើយវាមានជម្រៅ ៥១គីឡូម៉ែត្រក្រោមផ្ទៃដី។ ភាគច្រើននៃចំនួនជនរងគ្រោះ និងការបំផ្លិចបំផ្លាញ ត្រូវបានរាយការណ៍ចេញពីខេត្ត ប៉ាក់ទីកា (Paktika) ប៉ុន្តែខេត្តក្បែរខាងដូចជា ណានហ្កាហារ (Nangarhar) និង ខូស (Khost) ក៏មានមនុស្សស្លាប់និងរបួស ព្រមទាំងរងការខូចខាតដូចគ្នាផងដែរ។
គួរបញ្ជាក់ថា ខណៈមនុស្សស្លាប់និងរបួស ក៏ដូចជាការបំផ្លិចបំផ្លាញ ត្រូវបានរាយការណ៍នៅអាហ្វហ្កានីស្ថាន គេហាក់មិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាត ដែលបង្កឡើងពីគ្រោះរញ្ជួយដីកម្រិតធ្ងន់នោះ នៅខាងប៉ាគីស្ថាននៅឡើយទេ៕