Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២! (Photo inside)

21-06-2022 22:20

(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េនណេត (Naftali Bennett) និងរដ្ឋមន្ត្រីការបរទេស លោក យ៊ែរ ឡាភីត (Yair Lapid) បានឯកភាពគ្នាក្នុង ការរំលាយសភាចោល ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកល ថ្មីមួយ ហើយកំលុងរយៈពេលអន្តរកាលនេះ លោក ឡាភីត នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន។

២៖ លោក ឌីមីទ្រី មូរ៉ាតូវ (Dmitry Muratov) ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងជានិពន្ធនាយកកាសែតរុស្ស៉ី ណូវ៉ាយ៉ា ហ្កាហ្សេតា (Novaya Gazeta) បានប្រកាសដាក់ដេញថ្លៃពានរង្វាន់របស់លោកក្នុងតម្លៃ ១០៣.៥លានដុល្លារ ដើម្បីយកប្រាក់ទាំងនេះទៅជួយដល់កុមារដែលភៀសខ្លួនដោយសារ សង្រ្គាមនៅអ៊ុយក្រែន។

៣៖ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ជាប់ៗគ្នា អាជ្ញាធរក្នុងខេត្តចំនួន២ ស្ថិតនៅភាគខាងត្បូងប្រទេសចិនបានសម្រេចដំឡើងកម្រិតប្រកាសអាសន្ន នាថ្ងៃអង្គារនេះ ជាមួយការព្រមានថា ទឹកជំនន់បានឈានដល់កម្រិតយ៉ាងអាក្រក់ ហើយទឹកទន្លេច្រាល់ឡើងមកហៀរច្រាំង ដែលជាហេតុនាំឲ្យមានការផ្លាស់ទីប្រជាជន។

៤៖ មនុស្សជំនិតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះបានប្រាប់ប្រទេសលីទុយអានី ថាទីក្រុងមូស្គូនឹងចាត់វិធានការឆ្លើយតប ចំពោះការហាមឃាត់ការដឹកទំនិញឆ្លងកាត់ទៅ និងមកពីតំបន់កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៉ី ជាមួយនឹងមធ្យោបាយ ដែលធ្វើឱ្យប្រជាជនរដ្ឋក្នុងតំបន់ បាល់ទិកមួយនេះមានអារម្មណ៍ឈឺចាប់។

៥៖ វិមានអេលីហ្សេ (Elysee) នាថ្ងៃអង្គារនេះ បានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបដិសេធទទួលយកសំណើចុះចេញពីតំណែងរបស់ នាយករដ្ឋមន្រ្តីបារាំង គឺលោកស្រី អេលីសាបេត ប៊ន (Elisabeth Borne)។

៦៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មានការភ័យខ្លាចថា «ផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យ» អាចនឹងរាលដាលដល់ប្រទេសរបស់លោក ទើបព្យាយាមបំបែកបំបាក់ទ្វីបអឺរ៉ុប និងធ្វើឱ្យ ពិភពលោកត្រឡប់ទៅរកការបែងចែកឥទ្ធិពលគ្រប់គ្រង៕