(វ៉ាស៊ីនតោន)៖ ចិន ត្រូវបានគេរាយការណ៍ថា បាន និងកំពុងបង្កើនសកម្មភាពយោធាគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ តាមរយៈការបញ្ជូនយន្ដហោះចម្បាំង ហោះឆ្វែលដែនអាកាសកោះតៃវ៉ាន់ និងជប៉ុន ព្រមទាំងប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ជាមួយយន្ដហោះចម្បាំងរបស់អូស្ត្រាលី និងកាណាដា នៅឯតំបន់សមុទ្រចិនខាងត្បូង។ ហេតុការណ៍ទាំងនេះមិនបានបង្កគ្រោះថ្នាក់ធំដុំអ្វីនោះទេ ប៉ុន្តែក្រុមអ្នកវិភាគខាងយោធា យល់ថាវាបានបង្ហាញកាន់តែច្បាស់ពី ចេតនារបស់ចិន ក្នុងការធ្វើតេស្ដលើ «ឧត្ដមភាពយោធា» របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ី។
ខណៈសមត្ថភាពយោធាចិន កាន់តែជឿនលឿនទៅមុខ កាន់តែទំនើប និងកាន់តែមានទំនុកចិត្តលើខ្លួនឯង ឧត្ដមភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ អាស៊ី ក៏កំពុងថយចុះបន្តិចម្ដងៗផងដែរ ហើយការថយចុះនេះមិនមែនដោយសារតែការកើនឡើងឥទ្ធិពលចិននោះទេ តែគឺមកពីសហរដ្ឋអាមេរិកខ្លួនឯង។ សហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពជាច្រើននៅក្នុងតំបន់អាស៊ី តួយ៉ាងដូចជាកងទ័ពអាមេរិកជាង ៥៥,០០០នាក់ កំពុងឈរជើងនៅជប៉ុន និង ២៨,០០០នាក់ ឈរជើងនៅកូរ៉េខាងត្បូង ខណៈរាប់ពាន់នាក់ទៀត ត្រូវបានដាក់ពង្រាយនៅអូស្ត្រាលី ហ្វីលីពីន ថៃ និងកោះហ្កាំ។
មូលដ្ឋានទ័ព និងវត្តមានយោធាអាមេរិកក្នុងតំបន់អាស៊ី មានការប្រែប្រួលចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មកម្ល៉េះ ហើយមកទល់នឹងបច្ចុប្បន្ន ផែនការពង្រឹង ឧត្ដមភាពយោធាផុតលេខឡើងវិញរបស់សហរដ្ឋអាមេរិក នៅតែជួបឧបសគ្គរាំងស្ទះ ដោយសារតែការខ្វះខាតកញ្ចប់ថវិកា និងកង់សង់ស៊ីនៅក្នុងចំណោម គណបក្សធំៗទាំង២របស់អាមេរិកថាតើគួរតែដោះស្រាយជាមួយចិន ដោយរបៀបណា?
មន្ទីរបញ្ចកោណនៃក្រសួងការពារជាតអាមេរិក បានបង្កើនការវិនិយោគលើបច្ចេកវិទ្យាទំនើបចុងក្រោយ ដូចជាបញ្ញាសប្បនិម្មិត ប្រព័ន្ធ Cyber និងទីអវកាស ដើម្បីត្រៀមសម្រាប់ជម្លោះណាមួយ ដែលប្រើបច្ចេកវិទ្យាទំនើបជាមួយចិន នៅទសវត្សរ៍ឆ្នាំ២០៣០។ ប៉ុន្តែ តុល្យភាពអំណាចបែរជាកំពុង ឬអាចនឹងបន្ត ផ្អៀងទៅរកចិន រហូតទាល់តែសហរដ្ឋអាមេរិក អាចប្រមូលធនធានគ្រប់គ្រាន់ត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ហើយរឿងមួយនេះគ្មាននរណាផ្សេង ដឹងច្បាស់ជាងលោក ចូ បៃដិន ឡើយ។ លោក ចូ បៃដិន ក្នុងឆ្នាំ២០២២នេះបានស្នើសុំសភាអាមេរិកនូវកញ្ចប់ថវិកាដ៏មហិមា សម្រាប់វិស័យការពារជាតិ តែកញ្ចប់ថវិកានេះកំពុងរងផលប៉ះពាល់ដោយសារអតិផរណាទៅវិញ។
ដូចគ្នាទៅនឹងលោក ដូណាល់ ត្រាំ លោក ចូ បៃដិន មិនទាន់អាចសម្រេចបាននូវកញ្ចប់ថវិកាយោធា ដែលមន្ទីរបញ្ចកោណត្រូវការជាចាំបាច់ នៅក្នុងយុគសម័យ នៃការប្រកួតប្រជែងកំពូលមហាអំណាច នៅឡើយទេ។ ក្នុងន័យនេះ ចិនហាក់ដូចជាមានប្រៀបជាង ដ្បិតសហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពនៅពាសពេញ ពិភពលោក ដូច្នេះអាមេរិក ក៏ត្រូវបែងចែកធនធានទៅកាន់ពាសពេញពិភពលោកដូចគ្នាដែរ ដែលផ្ទុយពីចិនដែលកំពុងផ្ដោត និងបង្វែរធនធានជាអាទិភាព តែទៅលើតំបន់អាស៊ីប៉ុណ្ណោះ។ ចិន បច្ចុប្បន្ន មានកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោក និងមានកងទ័ពអាកាសធំជាងគេនៅអាស៊ី ហើយគួបផ្សំ នឹងនាវាផ្ទុកយន្ដហោះចម្បាំងទី៣ ដែលប៉េកាំងទើបតែសម្ញែងកាលពីពេលថ្មីៗនេះ វានឹងកាន់តែជួយសម្រួលដល់ចិន ក្នុងការពង្រីកឥទ្ធិពលយោធា ក្នុងតំបន់អាស៊ី។ មិនតែប៉ុណ្ណោះ ចិនក៏ត្រូវបានគេជឿជាក់ដែរថាមានឃ្លាំងមីស៊ីល និងអាវុធនុយក្លេអ៊ែរដែលអាចកំញើញ ឬរារាំងមិនឱ្យសហរដ្ឋអាមេរិក បញ្ចេញឬទ្ធានុភាព នៅពេលជម្លោះផ្ទុះឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
មែនទែនទៅ បើតាមក្រុមអ្នកវិភាគខាងយោធា ឧត្ដមភាពយោធារបស់សហរដ្ឋអាមេរិក បានថយចុះ ដោយសារតែអាមេរិកខ្លួនឯងជាប់ផុងក្នុងជម្លោះរុំារ៉ៃ នៅមជ្ឈិមបូព៌ា រាប់ទសវត្សរ៍ និងទើបតែដកខ្លួនរួចនៅក្រោមរដ្ឋបាលលោក ចូ បៃដិន ជាមួយការដកកងទ័ពចេញពីអាហ្វហ្កានីស្ថាដើម្បីបង្វែរធនធាន និងងាក មកផ្ដោតលើការប្រជែងឥទ្ធិពលជាមួយចិននៅអាស៊ី។ ប៉ុន្តែ ក្នុងរយៈពេលជាច្រើនឆ្នាំដែលអាមេរិកជាប់ដៃនៅមជ្ឈិបូព៌ា ឥទ្ធិពលចិន ក្នុងតំបន់ ក៏បានចាក់ឬស កាន់តែជ្រៅរួចទៅហើយដែរ ខណៈសង្រ្គាមនៅអ៊ុយក្រែនបានតម្រូវឱ្យលោក ចូ បៃដិន បង្វែរធនធានសាជាថ្មីទៅកាន់តំបន់អឺរ៉ុប ភ្ជាប់ដោយសន្យាផ្ដល់ជំនួយ ដល់ទៅ ៥៤ពាន់លានដុល្លារ ដើម្បីជួយទីក្រុងកៀវ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយអាមេរិក ដូចជាលោក ចន មៀសៃមឺ (John Mearsheimer) បាននិយាយថា សហរដ្ឋអាមេរិកគួរណាស់តែស្វែងរក មធ្យោបាយ ជំរុញឱ្យមានកិច្ចចរចាសន្តិភាពបញ្ចប់សង្រ្គាមឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីបង្វែរធនធាន និងការផ្ដោតទាំងឡាយមកលើចិនដែល ជាសត្រូវភូមិសាស្ត្រនយោបាយដ៏ធំរបស់សហរដ្ឋអាមេរិកនៅក្នុងស.វទី២១នេះ មិនមែនរុស្ស៉ីនោះទេ។ ដូចគ្នាទៅនឹងលោក មៀសៃមឺដែរ អ្នកជំនាញខាង សន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូចជាលោក អាស្លី ថោនសិន (Ashley Townshend) យល់ថាសហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ការពិតថាចិនជាគូប្រជែង ពិតប្រាកដរយៈពេលវែង មិនមែនរុស្ស៉ី នោះទេ។ លោកបន្ថែមថា ដើម្បីស្ដារឧត្តមភាពយោធារបស់ខ្លួនឡើងវិញ សហរដ្ឋអាមេរិកត្រូវតែបង្កើនចំនួននាវាមុជទឹក ប្រយុទ្ធឈរជើងនៅឯកោះហ្កាំ ដែលសព្វថ្ងៃមាន ៥គ្រឿង ទៅដល់ ៦គ្រឿង និងពង្រីកប្រតិបត្តិការសមុទ្រក្នុងតំបន់ប៉ាស៊ីហ្វិក ព្រមទាំងដាក់ពង្រាយ យន្ដហោះចម្បាំង នាវាចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយទំនើបៗបន្ថែមនៅក្នុងតំបន់ តែនេះនៅត្រូវការកង់សង់ស៊ីសនៅក្នុងគណបក្សធំទាំង២ របស់ អាមេរិកជាមុនសិន។
យ៉ាងណាក៏ដោយ គ្រាន់តែដាក់ពង្រាយកងទ័ព ឬសព្វាវុធបន្ថែម មិនទាន់គ្រប់គ្រាន់ទេ ពីព្រោះអំណាចយោធាចិនបានឡើងដល់ចំណុច ដែលធ្វើឱ្យអាមេរិក មិនមានលទ្ធភាពរក្សាតុល្យភាពអំណាចតែម្នាក់ឯងបានទៀតនោះឡើយ ហើយអាមេរិកខ្លួនឯងក៏ដឹងរឿងនេះច្បាស់ដែរ ទើបសម្រេចបង្កើតសម្ព័ន្ធភាព សន្តិសុខថ្មីជាមួយអង់គ្លេស និងអូស្ត្រាលី ឬហៅ AUKUS ដែលផ្ដោតលើការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ប៉ុន្តែបញ្ហានៅតែ ដោយមាននាវាមុជទឹកទាំងនេះនឹងមិនអាចដំណើរការទេ រហូតដល់ឆ្នាំ២០៣០ឯណោះ ហើយកាន់តែសំខាន់ កិច្ចសហប្រតិបត្តិការដទៃទៀតក្រោមសម្ព័ន្ធភាព AUKUS នៅតែមានភាពស្មុគស្មាញ ពោលគឺអាមេរិកត្រូវធ្វើកំណែទម្រង់ដ៏ពិបាកក្នុងការសម្រេចចិត្ត ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានបច្ចេកវិទ្យាដែលជារឿង រសើបនៃសន្តិសុខជាតិ។
បើតាមលោក Townshend សហរដ្ឋអាមេរិកគួរតែជួយពង្រឹងសមត្ថភាពយោធានៃសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួនដូចជា តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដើម្បីអាចបង្កើតជា «យុទ្ធសាស្ត្រការពារសមូហភាព»។ អាមេរិកអាចជួយជប៉ុន អភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ និងបង្កើនការលក់បរិក្ខាយោធា ឱ្យឥណ្ឌា ក៏ដូចជាជួយពង្រឹងសមត្ថភាពយោធារបស់តៃវ៉ាន់ ផងដែរ។
សហរដ្ឋអាមេរិក បានធ្វេសប្រហែសដោយខ្លួនឯងជាយូរណាស់មកហើយ លើយុទ្ធសាស្ត្រយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ី ដោយមើលឃើញចិនត្រឹមតែជា បញ្ហាប្រឈមដ៏សំខាន់ តែមិនបន្ទាន់ ដែលនេះបានទុកឱកាសឱ្យចិនពង្រីកឥទ្ធិពលដូចសព្វថ្ងៃ។ អ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន បានបញ្ជាក់ថាសង្រ្គាម នឹងកើតឡើង នៅពេល «ឧត្តមភាពយោធា ឬសមត្ថភាពកំញើញសត្រូវ» ចុះទន់ខ្សោយ៕