(ឡុងដ៍)៖ មនុស្សជំនិតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះបានប្រាប់ប្រទេសលីទុយអានី ថាទីក្រុងមូស្គូនឹងចាត់វិធានការឆ្លើយតប ចំពោះការហាមឃាត់ការដឹកទំនិញឆ្លងកាត់ទៅ និងមកពីតំបន់កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៉ី ជាមួយនឹងមធ្យោបាយ ដែលធ្វើឱ្យប្រជាជនរដ្ឋក្នុងតំបន់ បាល់ទិកមួយនេះមានអារម្មណ៍ឈឺចាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។
តាមរយៈការដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolai Patrushev) ដែលជាអតីតទីភ្នាក់ងារស៊ើបការសម្ងាត់ កា ហ្សេ បេ (KGB) និងបច្ចុប្បន្នជាលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពអរិភាពរបស់លីទុយអានី បានបង្ហាញថារុស្ស៉ីមិន អាចជឿជាក់លើលោកខាងលិចទៀតនោះទេ ព្រោះពួកគេបានក្បត់សន្យាពាក់ព័ន្ធនឹងតំបន់ Kaliningrad»។ លោកបន្ថែមថារុស្ស៉ីនឹងឆ្លើយតបទៅនឹងសកម្មភាព អរិយភាពបែបនេះ... ដែលនឹងផ្ដល់ផលវិបាលអវិជ្ជមានធ្ងន់ធ្ងរដល់ប្រជាជនលីទុយអានី។
គួរបញ្ជាក់ថា លីទុយអានី ដែលជាសមាជិក NATO និងសហភាពអឺរ៉ុបកាលពីពេលថ្មីៗនេះ បានសម្រេចចិតដាក់ទណ្ឌកម្មលើតំបន់ Kaliningrad ដោយអះអាងថា ជាអនុវត្តតាមទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ជាមួយការហាមឃាត់ការដឹកទំនិញចេញពីសហភាពអឺរ៉ុប ឆ្លងកាត់ទឹកដី របស់ខ្លួន ទៅ និងមកពីតំបន់ Kaliningrad៕