(កាណូ)៖ បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវស្រដៀងគ្នា នៅឯភាគនិរតីប្រទេស មន្ត្រីម្នាក់មកពីសមាគមគ្រិស្តសាសនានីហ្សេរីយ៉ា ហៅកាត់ CAN បានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្មាន់កាំភ្លើងមួយក្រុម បានបើកការបាញ់ប្រហារ នៅព្រះវិហារចំនួន ២កន្លែង ក្នុងរដ្ឋកាឌូណា (Kaduna) ភាគខាងជើងប្រទេស ដោយសម្លាប់មនុស្សចំនួន៨នាក់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ខណៈមនុស្សចំនួន ៣៨នាក់ទៀតត្រូវបានចាប់ជំរិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។
លោក រីវើរែន ដានឡាមី ហ្កាហ្សែ (Reverend Danlami Gajere) ប្រធានសមាគម CAN បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters តាមទូរស័ព្ទថា ការបាញ់ប្រហារនេះ បានកើតឡើងក្នុងកំលុងព្រឹត្តិការណ៍ពេលព្រឹកមួយ នៃព្រះវិហារ កាតូលិក (Catholic) មួយកន្លែង និងព្រះវិហារ បាប់ទីស (Baptist) មួយកន្លែងផ្សេងទៀត កាលពីថ្ងៃអាទិត្យ។ ខាងប៉ូលិសរដ្ឋ Kaduna ផ្ទាល់ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា កាលពី២សប្តាហ៍មុន ខ្មាន់កាំភ្លើង បានកាន់កាំភ្លើងប្រភេទ AK-47 និងគ្រឿងផ្ទុះមួយចំនួន ចូលបាញ់ប្រហារ ក្នុងព្រះវិហារ សង់ ហ្រ្វង់ស៉ីស កាតូលិច (St Francis Catholic) ក្នុងទីក្រុង អូវ៉ូ (Owo) ដោយបានសម្លាប់មនុស្សចំនួន ៤០នាក់។ រដ្ឋាភិបាលនីហ្សេរីយ៉ាសង្ស័យថា ពួកគេជាបណ្តាញក្រុមភេរវករ ISIS នៅទ្វីបអាហ្វ្រិកខាងលិច ហៅកាត់ ISWAP។ ប៉ុន្តែ ក្រុម ISWAP មិនបានចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបាញ់ប្រហារនោះទេ៕