(ប៉េកាំង)៖ បន្ទាបពីភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ជាប់ៗគ្នា អាជ្ញាធរក្នុងខេត្តចំនួន២ ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានសម្រេចដំឡើងកម្រិតប្រកាសអាសន្ននាថ្ងៃអង្គារនេះ ជាមួយការព្រមានថា ទឹកជំនន់បានឈានដល់កម្រិតយ៉ាងអាក្រក់ ហើយទឹកទន្លេច្រាល់ឡើងមកហៀរច្រាំង ដែលជាហេតុនាំឲ្យមានការផ្លាស់ទីប្រជាជន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ទីក្រុងសៅហ្គ័ន (Shaoguan) នៃខេត្តក្វាងទុង (Guangdong) ជាកន្លែងដែលមាន ភ្លៀងធ្លាក់មធ្យម ចាប់តាំងពីចុងខែឧសភា មកនោះ បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ដោយការប្រកាសអាសន្នទឹកជំនន់ ដល់កម្រិតខ្ពស់បំផុត។
អាជ្ញាធរមូលដ្ឋានបានស្នើដល់ ប្រជាជនដែលរស់នៅក្បែរច្រាំងទន្លេ និងលំនៅឋាននៅទីទំនាប ឲ្យជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ៗ បន្ទាប់ពីទឹកជំនន់បានជន់លិចយ៉ាងខ្លាំង មិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំមកនេះ។ រីឯ ខេត្តជាំងស៉ី (Jiangxi) នៅភាគឦសាន, អាជ្ញាធរបានបង្កើនការប្រកាសអាសន្នដល់កម្រិតពណ៌ក្រហម បន្ទាប់ពីមនុស្សចំនួន ៤៨៥,០០០នាក់ នៃស្រុកចំនួន៩ បានរងផលប៉ះពាល់ ពីទឹកជំនន់។
អាជ្ញាធរក្នុងទីក្រុង Shaoguan បានឲ្យដឹងថា វិធានការបិទទីតាំងមួយចំនួន អាចត្រូវអនុវត្តនៅឯការដ្ឋានសំណង់, កន្លែងលក់ដូរ, កន្លែងមធ្យោបាយដឹកជញ្ជូនសាធារណៈ និងកំពង់ផែ ហើយប្រសិនមានបុគ្គលិក មិនអាចធ្វើដំណើរទៅកាន់កន្លែងការងារទេនោះ គឺពួកគេមិនត្រូវបង្ខំឱ្យធ្វើការឡើយ។
គួរបញ្ជាក់ថា ទន្ទឹមនឹងភ្លៀងធ្លាក់ខ្លាំង ក្នុងតំបន់ភាគខាងត្បូងប្រទេសចិននេះដែរ នៅឯតំបន់ភាគខាងជើងទន្លេយ៉ាងសេ (Yangtze) ឯណោះវិញ កំពុងជួបប្រទះអាកាសធាតុក្តៅខ្លាំង ដែលជំរុញឲ្យការប្រើប្រាស់ថាមពលកើនឡើង កាលពីសប្តាហ៍មុន៕