(ប៉ារីស)៖ វិមានអេលីហ្សេ (Elysee) នាថ្ងៃអង្គារនេះ បានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបដិសេធទទួលយកសំណើចុះចេញពីតំណែងរបស់ នាយករដ្ឋមន្រ្តីបារាំង គឺលោកស្រី អេលីសាបេត ប៊ន (Elisabeth Borne)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។
ការលាលែងពីតួនាទីរបស់លោកស្រី Borne កើតឡើង បន្ទាប់ពីលោក ម៉ាក្រុង បានបាត់បង់សំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា ដែលវានឹងបង្កផលវិបាកចំពោះ ផែនការធ្វើកំណែទម្រង់ក្នុងអាណត្តិទី២ របស់លោក។ លទ្ធផលបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ ក៏បានបង្ហាញឲ្យឃើញផងដែរពី ភាពចលាចលផ្នែកនយោបាយបារាំង និងភាពខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកសភា ជាមួយលោក ម៉ាក្រុង។
គួរបញ្ជាក់ថា លោកស្រី Borne គឺជាស្រ្តីដំបូងគេ ដែលបានក្លាយជានាយករដ្ឋមន្រ្តីបារាំង ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។ ការតែងតាំងលោកស្រីធ្វើឡើង បន្ទាប់ពីលោក ហ្សង់ កាស្ទិច (Jean Castex) បានសម្រេចលាលែងពីតំណែងជានាយករដ្ឋមន្រ្តី កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២២៕